0

កំពង់ចាម​:​ ប្រជាពលរដ្ឋ​ ពិតជា​មាន​ការ​ត្រេកអរ​សាទរ​ និង​​សប្បាយ​រីករាយ​ ខណៈ​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាព្រឹក​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២៣​នេះ​ បានអញ្ជើញចុះពិនិត្យ​ និង​សិក្សា​គម្រោងសាងសង់ផ្លូវបេតុង​ចំនួន​ ៤ខ្សែ​ បន្ថែម​ទៀត​ ដែល​មានប្រវែង​សរុប​ ១៣៨១ម៉ែត្រ​ ទទឹង ៥ម៉ែត្រ និង​បំពាក់​ដោយ​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​ ស្ថិតនៅក្នុងភូមិ​ឡឥដ្ឋ​ សង្កត់​បឹងកុក​ ក្រុង​កំពង់ចាម​ ។​

ឆ្លៀត​ក្នុង​ឱកាស​ចុះ​សិក្សា​គម្រោង​​​ស្ថាបនា​ផ្លូវ​ខាង​លើនេះ​ដែរ ឯកឧត្តម​ អ៊ុន​ ចាន់ដា​​ អភិបាល​ខេត្ត​កំពង់ចាម​ ក៏បាន​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តាម​បណ្តោយដង​ផ្លូវ​ខាងលេី​ ខណៈ​ពួកគាត់​មាន​ការ​ត្រេកអរ​សាទរ​​ជា​ខ្លាំងចំពោះ​ការ​កសាង​​សមិទ្ធផលថ្មី​នេះ​ ដោយ​បច្ចុប្បន្ន​ប្រទេស​ជាតិ​យើង​មាន​សុខសន្តិភាព​ ក្រោមការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ទេីបមាន​ការ​អភិវឌ្ឍន៍​រីកចម្រើន​ជា​បន្តបន្ទាប់​ ជាក់ស្តែង​ដូចជា​គម្រោង​ស្ថាបនា​ពី​ផ្លូវ​ដី​ ទៅ​ជា​ផ្លូវ​បេតុង​​​ខាងលេីនេះ​ គឺបង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​​ធ្វើដំណើរ​ ​របស់​បងប្អូន​​ប្រជាពលរដ្ឋ​ ​ក៏ដូចជា​អ្នក​រស់នៅ​ក្នុងតំបន់​នោះ​ផងដែរ​ ។

បើតាមមន្ត្រីរដ្ឋបាល ខេត្តកំពង់ចាម បានឲ្យដឹងថា កន្លងទៅថ្មីៗនេះ សមិទ្ធផលផ្លូវបេតុង ស្ថិតនៅក្នុងមូលដ្ឋានខាងលើនេះ​ មានបណ្ដោយប្រវែង ជាង ២.០០០ម៉ែត្រ ទទឹងប្រវែង ៧ម៉ែត្រ ទេីប​តែ​សាងសង់​រួច​ហើយ​ ។ ដោយការកសាង ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ គឺជាគម្រោងរបស់រដ្ឋបាលខេត្តកំពង់ចាម ដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានខិតខំប្រឹងប្រែង ដើម្បី ជួយសម្រួលការលំបាក របស់ប្រជាពលរដ្ឋស្របតាមកម្មវិធីនយោបាយ កាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា ។

គួរ​បញ្ជាក់​ថា ក្រៅពីសមិទ្ធផល​ផ្លូវ​បេតុង​ ៤ខ្សែ​ ដែលមានប្រវែង​សរុប​ ១៣៨១ម៉ែត្រ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានផ្ដល់អំពូលភ្លើងសូឡា ឱ្យ​មេភូមិឡឥដ្ឋ ៥២ អំពូល , មេភូមិចុងថ្នល់ ៣០ អំពូល , និង មេភូមិ បឹងកុក១ ចំនួន ១៨ អំពូល ដើម្បីបំពាក់បំភ្លឺពេលយប់ ទៅ​តាម​សំណូមពរ​របស់​មេភូមិទាំង​ ៣​ ជាមួយ​គ្នា​នោះ​ ឯកឧត្ដមអភិបាលខេត្ត​ បាន​ដឹកនាំ​ក្រុម​ការងារ​ ចុះ​ពិនិត្យ​ការ​សាងសង់​កុដិ​នៅ​វត្តជោតនារាមបឹងកុក​ ដើម្បី​ឱ្យ​សាមណសិស្ស​ និស្សិត​ ស្នាក់អាស្រ័យ​ នៅបួសរៀន​ ផងដែរ​ ៕