VIDEO តំបន់ប្រតិបត្តិការសឹករងកំពង់ធំស្នើរសុំអំណោយកាកបាទក្រហមចែកជូនប្រជាពលរដ្ឋ៥០គ្រួសារ

0

កំពង់ធំៈ ប្រជាពលរដ្ឋចំនួន៥០គ្រួសារ ដែលកំពុងតែជួបការលំបាកជីវភាពខ្វះខាត ត្រូវបានទទួលអំណោយមានគ្រឿង ឧបភោគ​បរិភោគ និងសម្ភារៈប្រើប្រាស់ពី សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម វេជ្ជៈបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជានិងឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ស្ថិតនៅសាលាដំណាក់ ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត បានមានប្រសាសន៍ថា ក្រោយពីបានចុះធ្វើបច្ចុប្បន្នភាពនៅតាមមូល​ដ្ឋាន បានឃើញថាប្រជាពលរដ្ឋក្រីក្រ និងគ្រួសារអតីតយុទ្ធជន កំពុងតែជួបនូវភាពខ្វះខាត មានជីវភាពក្រីក្រ ទើបបានស្នើរអំណោយមួយពីកាកបាទក្រហម ដើម្បីផ្តល់ជូនដល់ប្រ ជាពលរដ្ឋចំនួន៥០គ្រួសារ ដែលរស់នៅក្នុង ស្រុកកំពង់ស្វាយ ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គ.ក មីយើង ១កេស ត្រីខកំប៉ុង១យួរ សារ៉ុង១ មុងមួយ ភួយមួយ ក្រម៉ាមួយ អំណោយទាំងនេះគឺជាការយកចិត្តទុក ដាក់របស់សម្តេចគិត្តិព្រឹទ្ធ បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកកាកបាទក្រហមកម្ពុជា ។

ឯកឧត្តម វេជ្ជៈបណ្ឌិត អ៊ុយ សំអាត បានមានប្រសាសន៍  សុំអភ័យទោសចំពោះការយឺតយ៉ាវ ក្នុងការនាំអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋ តែទោះជាមមាញឹកយ៉ាងណានោះក៏ដោយ ក៏នៅតែនាំអំណោយ មកចែកជូនឲ្យទាល់តែបាន គឺប្រសើរជាងមិនមក ក្នុងនោះក៏បានមានប្រសាសន៍ដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ សូមថែរក្សាអនាម័យ និងរស់នៅស្អាត ហូបស្អាត ជាពិសេសត្រូវគេងក្នុងមុងជានិច្ច ជាងនេះទៅទៀតសូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងដែលជាប្រភពនៃអំពើហឹង្សា បន្ថែមពីលើនេះទៅទៀត សូមចេះស្រឡាញ់ រាប់អានគ្នា និងគ្នាដើម្បីឱ្យមានភាពសុខដុមរមនាជាមួយគ្នា។

ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ មានសេចក្ដីរំភើប ត្រេកអររកអ្វីប្រៀបផ្ទឹមបាន និងបានថ្លែងអំណរគុណដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលងាយរង គ្រប់ទិសទីដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីនោះឡើយ​ ។

ដោយ  ប៊ុន  រដ្ឋា