ប៉ូលិសក្រសួងចាប់ប៉ូលិសខេត្តម្នាក់ពាក់ព័ន្ធក្នុងករណីជួញ ដូរគ្រឿងញៀន(WY)ជាង២ម៉ឺនគ្រាប់

0

ស្ទឹងត្រែង៖. មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត និងមានការសម្របសម្រួល ពីលោកជាពេជព្រះរាជអាជ្ញាសាលាដំបូងខេត្ត ចុះបង្ក្រាបមេខ្លោងជួញដូរគ្រឿងញៀន ជាមន្ត្រីប៉ូលិសអន្តោប្រវេសន៍ខេត្តម្នាក់ រួមជាមួយរថយន្តវីហ្គោមួយគ្រឿង កាំភ្លើងខ្លីមួយដើម គ្រឿងញៀន(WY)ចំនួន១២សុងស្មើនិងជាង២ម៉ឺនគ្រាប់។
ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០១៧ចំណុចស្រែសំគង់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្រែពោធិ សង្កាត់ស្រះឬស្សី /ក្រុង ខេត្តស្ទឹងត្រែង។
នគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានឱ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះអែម សុផលភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្ត្រីប៉ូលិសអន្តោប្រវេសន៍ខេត្ត និងជាចៅកែផ្ទះសំណាក់សុផលនិង មានទីលំនៅភូមិត្រពាំងព្រីងសង្កាត់ស្ទឹងត្រែង /ក្រុង /ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានបន្តឱ្យដឹងទៀតថាជនសង្ស័យជាមន្ត្រីប៉ូលិសដែលសមត្ថកិច្ចចាប់ខ្លួននេះ ត្រូវបានគេដឹងថាជាមេខ្លោងជួញដូរគ្រឿងញៀន ដ៏ធំមួយនៅក្នុងខេត្តស្ទឹងត្រែង មិនតិចជាង២០ឆ្នាំនោះទេ។តែដោយសារការស៊ើអង្កេតស្រាវជ្រាវ របស់សមត្ថកិច្ចរកភស្តុតាងមិនទានបាន ទើបនៅថ្ងៃខាងលើជនសង្ស័យបានដឹកគ្រឿងតាមរថយន្តវីហ្គោរបស់ខ្លួន ចេញទៅដើម្បីធ្វើការដោះដូរ ក៏ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ស្ទាក់ចាប់នៅចំណុចខាងលើ តែជនសង្ស័យមិនព្រមឈប់ សមត្ថកិច្ចបាញ់បំបែកកង់ ទើបធ្វើការចាប់ខ្លួនបាន។
សមត្ថកិច្ចបន្តថាក្រោយចាប់ខ្លួនសមត្ថកិច្ចបានរកឃើញ ថ្នាំញៀនប្រភេទមេតំហ្វេតាមី(WY)ចំនួន១២សុងស្មើនិងជាង២ម៉ឺនគ្រាប់ ដាក់ក្នុងកេសអាគុយ កាំភ្លើងខ្លីមួយដើម និងបាននាំខ្លួនជនសង្ស័យ មកកាន់ផ្ទះសំណាក់របស់ជនសង្ស័យ ធ្វើការឆែកឆេរបន្តទៀត។ក្នុងការឆែកឆេរផ្ទះសំណាក់ លោកជាពេជព្រះរាជអាជ្ញាសាលាដំបូងខេត្តបានបញ្ជាឱ្យសមត្ថកិច្ចត្រួតពិនិត ទៅលើអ្នកស្នាក់នៅក្នុងផ្ទះសំណាក់ ចំនួន១០នាក់មួយចំនួនជាអ្នករកស៊ីដឹកឈើតាមរថយន្តសាំយ៉ុង ធ្វើតេស្តរកសារធាតុញៀនបើសិនរកឃើញនិងចាត់វិធានការតាមផ្លូវច្បាប់។
រហូតមកដល់រសៀលថ្ងៃដដែលនេះ កម្លាំងជំនាញកំពុងបន្តប្រតិបត្តិការរបស់ខ្លួន ទៅកាន់ទីតាំងផ្សេងទៀត ដែលពាក់ព័ន្ធជាមួយជនសង្ស័យក្នុងករណីជួញដូរគ្រឿងញៀនខាងលើនេះ។ចំណែកគ្រឿងញៀនដែលបង្ក្រាបបាន គេមិនទាន់បានរាប់ដឹងចំនួនពិតប្រាកដនៅឡើយទេ គ្រាន់តែគេដឹងថាមានចំនួន១២សុងក្នុងមួយសុងមាន២ពាន់គ្រាប់ ១២សុសស្មើនិង២ម៉ឺន៤ពាន់គ្រាប់៕ ងិន លីម