VIDEOបណ្តាំមរតកម្តាយក្លាយជាសង្រ្គាមគ្រួសារប្តឹងផ្តល់ដល់តុលាការដណ្តើមកេរ្តិ៍កាត់ផ្តាច់បងប្អូន៦នាក់

0

កំពង់ធំៈ បងប្អូន៦នាក់ បានប្តឹងផ្តល់គ្នាទៅតុលាការ ដើម្បីដណ្តើមកេរិ៍ម្តាយចែកអោយ បន្ទាប់ពីម្តាយបានចែកឋានទៅ បន្សល់នូវដីនិងផ្ទះ ឲ្យកូនបែកចែកគ្នា តែដោយសារការលបលន់ចង់បានតែម្នាក់រាងៗខ្លួន ទើបឈានដល់ការប្តឹងទៅ តុលាការខេត្តកំពង់ធំ  ដោះស្រាយជាច្រើនលើក ទីបំផុតលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃតុលាការខេត្តកំពង់ធំ បានសម្រេចបែងចែក ដីជូនស្មើរគ្នាទាំង៦នាក់ដើម្បីបញ្ចប់រឿង។

ប្អូនស្រី ប៉ុល សុធារី បានរៀបរាប់ប្រាប់ថា ខ្លួននាមស្វាម៉ីឈ្មោះ សុខ ថាល់ រស់នៅភូមិព្រៃពន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាកូនពៅ នឹងជាអ្នកថែរទាំងម្តាយចាប់តាំងពីកាលនៅរស់ ខណៈពេលមានជំងឺរហូតម្តាយ​បានស្លាប់ គឺរស់នៅលើដីនិងផ្ទះបច្ចុប្បន្ន ក្នុងនោះបងៗទាំងអស់មានគ្រួសារ ហើយបានបែកទៅធ្វើផ្ទះនៅអស់ហើយ ខណៈពេលដែលម្តាយមានជំងឺបានផ្តាំផ្ញើរកូនៗដោយមាត់ទទេ ថាដីដែលមានទំហំ៧៨ម គុណ៣៧ម ឲ្យកូនទាំង៧នាក់ ចែកគ្នា តែកូនម្នាក់នៅសហរដ្ឋអាមេរិក ទើបចែកគ្នាតែ៦នាក់ តែត្រូវបានបងៗ មកអោបក្រសោមដណ្តើមយក ដោយមិនមានការអាណិតអាសូរប្អូនទើបមានការប្តឹងផ្តល់គ្នា។

យោងតាមកំណត់ហេតុ  ទ្រព្យសម្បត្តិ ដែលជាកេរ្តិ៍មរតក របស់ឪពុកឈ្មោះ ប៉ុល លឿង ម្តាយឈ្មោះ ផន ណៃសេង បានស្លាប់ទៅហើយនោះ ហើយមានដីដែលមានទំហំ ៧៨ម គុណ ៣៧ម តុលាការ បានសម្រេចប្រគល់ផ្ទះឈើ មួយខ្នងដែលមានទំហំ ៩គុណ១៥ម និងផ្ទៃដីដែលមានទំហំ ១៦,៧០ម​ បណ្តោយតាមការវាស់ជាក់ស្តែង ជូនប្អូនស្រី ឈ្មោះ ប៉ុល សុធារី  ចំណែកបងៗឯទៀតទទួលបានក្បាលដីម្នាក់១២ម ស្មើរគ្នា ហើយអ្នកទាំងអស់គ្នាបានយល់ព្រម និងឯកភាពមិនមានការតវ៉ាអ្វីទាំងអស់។

ការចុះអនុវត្តដីការសម្រេច របស់លោក ឃន សុកល ប្រធាន និងជាចៅក្រមសាលាដំបូងខេត្តកំពង់ធំ ត្រូវបានដឹកនាំ ចុះអនុវត្តដោយលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង សាលាដំបូងខេត្តកំពង់ធំ ដោយមានការចូលរួមពីអាជ្ញាធរ និងមន្រ្តីមានសមត្ថកិច្ចជាច្រើនរូប នៅព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ ២០១៧ នៅសាលាសង្កាតអាចារ្យលាក់ ក្រុងស្ទឹងសែន ហើយការអនុវត្តដីការនេះទទួលបានជោគជ័យ ដោយមានការយល់ព្រម និងឯកភាពគ្រប់ភាគគីទាំងអស់ ។

តែទោះជាយ៉ាងណានោះ ក៏មានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ថាមានបងប្អូនបង្កើតតែ៦នាក់ មិនចេះស្រឡាញ់គ្នា បែរជាយកផលប្រយោជន៍ បន្តិចបន្តួចជាធំ ហើយកាត់ផ្តាច់មនោសញ្ចេតនា ជាបងប្អូន ធ្វើឲ្យមានការ បែកបាក់គ្នារវាងសាច់ឈាមតែមួយ ដោយសារតែគ្មានមេបាទាំងពីរ ។

ដោយ     ប៊ុន  រដ្ឋា