VIDEO ប្រជាពលរដ្ឋ អតីតយុទ្ឋជន និងគ្រួសារកងទ័ពចំនួន៣០០ ត្រូវបានរក្សាព្យាបាលដោយឥតគិតថ្លៃ

0

កំពង់ធំៈ ប្រជាពលរដ្ឋ អតីតយុទ្ឋជន និងគ្រួសារកងទ័ពចំនួន៣០០ ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃកាកបាទក្រហម​ទីក្រុងហូជីមីញ ចុះមករក្សាព្យាបាលជំងឺដោយឥតគិតថ្លៃ តាមរយះឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគម​អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាមនៃទីក្រុងហូជីមីញ បានពិនិត្យព្យាបាលជំងឺ គ្រប់ប្រភេទ  ក្នុងនោះមានក្រុមគ្រួសារ អតីតយុទ្ឋជនចំនួន179 នាក់ ប្រជាពលរដ្ឋក្រីក្រនិងគ្រួសារកងទ័ពចំនួន១២១ នាក់ សារុបចំនួន ៣០០ នាក់ បានមកពិនិត្យ ជម្ងឺដោយឥតគិតថ្លៃ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៧ ស្ថិតក្នុងភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា បានជម្រុញឲ្យសមាគមអតីតយុទ្ធជន គ្រប់ខេត្តក្រុង យកចិត្តទុកដាក់ពិសេសបំផុត ដើម្បីជាការតបស្នងសងគុណ ក្នុងនាមវរៈជនដ៏អង់អាចក្លាហាន បើពុំមានអតីតយុទ្ធជន ក៏ពុំមានថ្ងៃនេះ បើមានថ្ងៃនេះ សូមកុំភ្លេចអតីតយុទ្ធជន និងអោយអាជ្ញាធរ កុំមើលរំលងភាពខ្វះខាត ពីទុក្ខលំបាករបស់អតីតយុទ្ធជន និងប្រជាជនដែលមានជីវភាពក្រីក្រ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន  បានបញ្ជាក់បន្ថែមថា ក្រោយការពិនិត្យព្យាបាលជម្ងឺ និងផ្តល់ថ្នាំសម្រាប់ព្យាបាលជម្ងឺរួច ប្រតិភូទីក្រុងហូជីមីញនៅបានផ្តល់ជូននូវថវិកាក្នុងមួយនាក់ចំនួន 20 $ ថែមទៀតដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូន ក្នុងនោះក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ និងគ្រួសារអតីតយុទ្ធជនទាំងអស់ ថែរក្សាសុខ ភាពឲ្យបានល្អ កុំទិញថ្នាំលេបដោយខ្លួនឯង ដោយពុំបានពិភាគក្សាជាមួយនិងគ្រូពេទ្យ ព្រោះថ្នាំជាអាវុធមុខពីរ បើប្រើ​ប្រាស់ថ្នាំខុសវិធីនិងមានទោសដល់សុខភាព ម្យ៉ាងទៀតកុំទិញថ្នាំដែលដាក់លក់នៅតាមផ្សាត្រី ឬតូប តាមកង់ ម៉ូតូ ដោយគ្មានជំនាញត្រឹមត្រូវ ធ្វើឲ្យសុខភាពកាន់តែទ្រុឌទ្រម ដោយសារប្រើថ្នាំដែលគ្មានអនាម័យ ។

ដោយ ប៊ុន រដ្ឋា