សង្ស័យទំនិញហូរចូលអត់បង់ពន្ធ មន្ត្រីគយចល័តក្រុងប៉ោយប៉ែតចុះត្រួតពិនិត្យទំនិញតាមស្តង់

0

ឃិន គន្ធា:
បន្ទាយមានជ័យ ៖ ស្តង់លក់ដូរទំនិញជាច្រើន ត្រូវបានមន្ត្រីគយចល័តក្រុងប៉ោយប៉ែត ចុះត្រួតពិនិត្យទំនិញ ក្រោយសង្ស័យថា មានទំនិញហូរចូលដោយអត់បង់ពន្ធ ។

ការចុះត្រួតពិនិត្យនេះធ្វើឡើងកាលពី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៧ នៅតាមដង ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្សាររ៉ាចាស់ និងនៅម្តុំផ្សារអគ្គថ្មី ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមសហការពីកម្លាំងអាវុធហត្ថផងដែរជាច្រើននាក់ផងដែរ ។

តាមការឲ្យដឹងពីមន្ត្រីគយ ដែលចុះត្រួតពិនិត្យ បានឲ្យដឹងថា ការចុះអនុវត្តន៍ ការត្រួតពិនិត្យទំនិញតាមស្តង់លក់ដូររបស់អាជីវករ ខណៈពេលនេះ គឺដោយមានការសង្ស័យថា មានទំនិញនាំចូលពីប្រទេសជិតខាង ដោយមិនមានការបង់ពន្ឋជូនរដ្ឋឲ្យបានត្រឹមត្រូវទៅតាមច្បាប់ដូច្នេះហើយទើបក្រុមមន្ត្រីជំនាញរើ ទទួលបញ្ជា ពីថ្នាក់លើ ដើម្បីចុះមកត្រួតពិនិត្យមើលតែម្តងទៅ ។ ជាលទ្ធផលសង្ស័យ និងរកឃើញថា មានទំនិញប្រមាណជា ៦០% មិនមានការបង់ពន្ឋជូនឲ្យបានត្រឹមត្រូវទៅតាមផ្លូវច្បាប់នោះឡើយ ។ ហើយទំនិញខុសច្បាប់ទាំងនោះ មន្ត្រីជំនាញបានបញ្ជាក់ថា ត្រូវផាកពិន័យឲ្យម្ចាស់ បង់ពន្ឋជូនរដ្ឋឲ្យបានត្រឹមត្រូវទៅតាមផ្លូវច្បាប់ផងដែរ ។

ជាមួយគ្នានេះ អាជីវករ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក្រុងប៉ោយប៉ែត បានរិះគន់មន្ត្រីជំនាញគយចល័តដែលចុះត្រួតពិនិត្យថា ចាំបាច់ចុះមកត្រួតពិនិត្យ ទំនិញរបស់អាជីវករដាក់តាំងលក់តាមស្តង់ធ្វើអី ?  បើនៅពេលដែលពួកគាត់ នាំទំនិញពីប្រទេសថៃចូល តាមរយៈរទេះអូស មានក្រុមមន្ត្រីគយ នៅទីលានត្រួតពិនិត្យទំនិញ បានត្រួតពិនិត្យ និងឲ្យពួកគាត់ចូលទៅប្រកាសបង់ពន្ឋ ជូនរដ្ឋរួចរាល់ហើយនោះ !  មួយវិញទៀត តើទំនិញដែលមិនបានបង់ពន្ធទាំងនោះ ចេញមកពីណា ៕