រកឃើញទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទនៅក្រុងសិរីសោភ័ណ កាំកុងត្រូលបន្ទាយមានជ័យប្រមូលយកទៅកំទេចចោល

0

ខេត្តបន្ទាយមានជ័យ ៖តូប ស្តង់ លក់ដូរ និងហ៊ាងលក់ទំនិញទំនើបដែលគេស្គាស់ថាជាស្តាម៉ាត ជាច្រើនកន្លែង ក្នុងក្រុងសិរីសោភ័ណ ត្រូវបានមន្ត្រីជំនាញកាំកុងត្រូលបន្ទាយមានជ័យ ដឹកនាំសមត្ថកិច្ចចម្រុះ ចុះពិនិត្យទំនិញរកទំនិញខូចគុណភាពកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ។
លោក ឈុន ឃាង ប្រធានប៉ុស្តិ៍តំបន់សេដ្ឋកិច្ចពិសេសអូរនាងប៉ោយប៉ែត បានឲ្យដឹងថា អនុវត្តន៍តាមការណែនាំរបស់លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដើម្បីធានាបាននូវគុណភាពម្ហូបអាហារ និងទំនិញ ក្នុងខេត្តបន្ទាយមានជ័យ លោកបានដឹកនាំមន្ត្រីរបស់លោក សហការជាមួយ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត-ក្រសួង និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ធ្វើការចុះពិនិត្យទំនិញ តាមស្តង់ តូប និងស្តាម៉ាត នានាក្នុងក្រុងសិរីសោភ័ណ ។ ជាលទ្ធផលមន្ត្រីជំនាញរបស់លោកបានដកហូតបានទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទមួយចំនួនរួមមាន១៧មុខដូចជា ប៉ាតេកំប៉ុង(spam) ១០កំប៉ុង ទឹកដោះគោ Palace៨កំប៉ុង តែOishi៤ដប ទឹកក្រូចកូកាកូឡា២ដប ស្រាបៀរហ្គោន៣កំប៉ុង ទឹកស៊ីអ៊ីវម៉ាស៊ីភ្នំមាស២១ដប ទឹកត្រីថៃ៨ដប មីកញ្ចប់១កញ្ចប់ ទឹកផ្លែឈើវាហាហា ១៦ដប ទឹករ៉ែធម្មជាតិ mont fleur៩ដប ទឹកប៉េងប៉ោះ ketchup ៤ដប ទឹកផ្លែឈើស្រស់Malee ៧ដប អូវានទីន សយ៣ កញ្ចប់ នំប៉័ងក្រៀមBrown Rice តែខ្ញីHotta 3កញ្ចប់ គូលែនកំប៉ុង និងសាវម៉ាវ Malee១១កំប៉ុង នំNestle ៦ប្រអប់។
ជាមួយគ្នានេះលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវ និងសំណូមពរដល់ពលរដ្ឋ ដែលមានមូលដ្ឋាននៅក្នុងខេត្តបន្ទាយមានជ័យ ធ្វើយ៉ាងណា មុនទិញទំនិញ ឬម្ហូបអាហារទៅបរិភោគ ត្រូវពិនិត្យអោយបានច្បាស់លាស់ នូវប្រភេទ កាលបរិច្ឆេទ និងគុណភាណទំនិញ ជៀសវាងទិញប៉ះទំនិញក្លែងក្លាយ ឬអាហារខូចគុណភាព ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព ខ្លួនឯងនិងកូនចៅ ៕ ដោយ:ឃិន គន្ធា