អាជ្ញាធរខេត្តព្រះវិហារអំពាវនាវសូមឲ្យប្រជាពលរដ្ឋចូលរួមសហការណ៍ជាមួយសមត្ថកិច្ចក្នុងករណីប្រើប្រាស់និងចែកចាយគ្រឿងញៀន

0

ព្រះវិហារ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានធ្វើការអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំយកចិត្តទុក្ខដាក់ខ្ពស់ ក្នុងការចូលរួមសហការណ៍ជាមួយ និងសមត្ថកិច្ចពាក់ព័ន្ធគោលបំណងទប់ស្កាត់ បង្ក្រាបករណីប្រើប្រាស់ និងការចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាន ឬនៅក្នុងសង្គមគ្រួសារ របស់បងប្អូនផ្ទាល់ ព្រោះថាបញ្ហាគ្រឿងញៀនវាធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ស្រទាប់យុវជនរបស់យើង នាពេលបច្ចុប្បន្ននេះ ។ ការអំពាវនាវនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ក្នុងឱកាស់ដែលឯកឧត្តមអញ្ជើញ ជាអធិបតី ចែកលិខិតបញ្ជាក់ដីធ្លី ជូនដល់ប្រជាពលចំនួន៤៧០គ្រួសារ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ឯកឧត្តមមានប្រសាសន៍បន្តថា បើទោះជាមានការបង្ក្រាបយ៉ាងសកម្ម ពីសមត្ថកិច្ចក៍ដោយ តែបញ្ហាគ្រឿងញៀននៅតែកើតមាន ដូច្នេះសូមបងប្អូនប្រជាពលចូលរួមឱបរំដល់កូនចៅ និងចូលរួមផ្តល់ព័ត៍មានមកឲ្យអាជ្ញាធរដែនដី រើសស្ថាប័ន្ឋពាក់ព័ន្ធបានដឹង ដើម្បីចាត់វិធានការបង្ក្រាបបានទាន់វេលា ហើយមិនត្រូវជឿលើការញួសញុង របស់មេខ្យល់គ្រឿងញៀននោះទេ ព្រោះថាគ្រឿងញៀនវាធ្វើឲ្យអ្នកដែល បានប្រើប្រាស់ក្លាយទៅជាមនុស្សដែលសង្គមកំពុងស្អប់ខ្ពើម ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ក៍បានធ្វើការអំពាវនាវបន្ថែមទៅដល់ប្រជាពលរដ្ឋទាំង៤៧០គ្រួសារ ដែលបានទទួល នូវលិខិតបញ្ជាក់ដីធ្លីពីអាជ្ញាធរនាថ្ងៃនេះ ត្រូវខិតខំដាំណ្តុះដំណាំយុទ្ធសាស្ត្រ រួមទាំងបន្តការងារបង្ករបង្កើនផល ដើម្បីជួយ ផ្គត់ផ្គង់បន្ថែមក្នុងជីវភាពគ្រួសារ កាត់បន្ថយបានពីភាពក្រីក្រផងដែរ ។
សូមបញ្ជាក់ថា ផ្ទៃដីដែលប្រជាពលរដ្ឋភូមិធម្មជាតិសម្តេចតេជោ ទាំង៤៧០គ្រួសារ ទទួលបានក្នុងមួយគ្រួសារ មានទំហំទទឹង២០ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រ ៕ សួនលីណា