ពលរដ្នរឹះគន់សមត្ថកិច្ចថាអសមត្ថភាពក្នុងការបង្រ្កាប់ឈ្មួញឈើឈ្មោះ ឆាយ ដែលកំពុងបញ្ចេញរិទ្ធអំណាច

0

​ដោយ ប៊ុន រិទ្ធី

ខេត្តឧត្តមានជ័យ៖ ប្រជាពលរដ្នបានរឹះគន់សមត្ថកិច្ច មួយចំនួនដែលបានសំណែនពីឈ្មួញឈើយ៉ាងផ្អែមមាត់ផ្អែមករ បែរជាក្បត់ឧត្តមគតិរបស់ខ្លួនឯង កាងឧក្រិដ្នជនព្រៃឈើ ភ្លេចអស់តួរនាទី ភារកិច្ចរបស់ខ្លួន ដែលរដ្នាភិបាលត្រូវអោយធ្វើការបំរើប្រជាពលរដ្ន និងសង្គមជាតិ បែរជាយកតួរនាទី បុណ្យស័ក្ក កាងឈ្មួញកាប់បំផ្លាញព្រៃឈើទៅវិញ ជាហេតុធ្វើអោយឈ្មួញឈើបានដៃដឹកឈើឥតសំចៃ រូងផ្លូវ ខូងថ្នល់។
ជាក់ស្តែងការដឹកជញ្ចូនឈើលេខ២ របស់លោក ឆាយ ដែលតែងតែដឹកជញ្ជូនឈើខុសច្បាប់ សឹងតែរាល់យប់ ចេញពីស្រុកត្រពាំងប្រាសាទនោះ គេមិនដែលឃើញសមត្ថកិច្ច ឬអាជ្ញាធរមានវិធានការបង្ក្រាប​ទាល់តែសោះ ផ្ទុយទៅវិញមានសមត្ថកិច្ចមួយចំនួនតូច ជាអ្នកមើលការខុសត្រូវក្នុងមុខរបររកស៊ីខុសច្បាប់របស់ថៅកែឈើឈ្មោះឆាយ ទៅវិញ។
បើតាមសេចក្តីរាយការណ៍ពី ស្រុកត្រពាំងប្រាសាទ បញ្ជាក់ថា សព្វថ្ងៃនេះឈ្មួញឈើ​ខុសច្បាប់ ឈ្មោះ ឆាយ បានធ្វើការប្រមូលឈើ ពី​ស្រុកត្រពាំងប្រាសាទ មាន២កន្លែង គឺ​នៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ និងមួយកន្លែង​ទៀត នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ឯឈើដែលស្តុបនៅត្រាំប៉ោង គឺស្ថិតនៅក្នុងបន្ទាយទាហាន មួយកន្លែង រួចធ្វើការដឹកចេញតាមរថយន្តពណ៌ត្រៃអ៊ី យកមកសាងចូលរថយន្តយីឌុបដឹកបន្ត ទៅដាក់ដេប៉ូ​ផ្សេងៗ នៅស្រុកបន្ទាយអំពិល ឬហួសទៅដាក់ដេប៉ូ​នៅក្នុងខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋជាច្រើន នៅស្រុកត្រពាំងប្រាសាទ ប្រាប់ថា ឈើទាំង២កន្លែងជារបស់ឈ្មោះ ឆាយ ដែលតែងតែដឹកឈើធ្វើឲ្យផ្លូវរងការបាក់ស្រុតខូចខាតយ៉ាងធ្ងន់ធ្ងរ យ៉ាងណាមិញផ្លូវក្រាលគ្រួសក្រហមពីរង្វង់មូល ស្រុកត្រពាំងប្រាសាទ ទៅភូមិថ្នល់កែង និងផ្លូវជាតិRP១៧៤ពីភូមិត្រាំប៉ោង រហូតដល់ក្រុងសំរោង រងការបាក់ស្រុតជាហូរហែរ ដែលធ្វើឲ្យខាតបង់ថវិកា​ជាតិរាប់ពាន់លានរៀលក្នុងមួយឆ្នាំៗ។
ទោះបីសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាពធ្លាប់បានចុះផ្សាយពីការដឹកឈើខុសច្បាប់ របស់ថៅកែ ឆាយ យ៉ាងណាក៏ដោយ   ក៏ថៅកែឈើវ័យក្មេងរូបនេះ មិនខ្វល់ ហើយដើរអួតប្រាប់គេថា គេមិនខ្លាចនោះទេ ចុះផ្សាយអីក៏ចុះទៅ យើងមិនខ្លាចនោះទេព្រោះយើងបានបង់លុយគ្រប់កន្លែងអស់ហើយគ្មាននរណាហ៊ានចាប់នោះទេ។
ឯប្រធានមន្ទីរសាធារណះការ និងដឹកជញ្ជូន ខេត្តឧត្តរមានជ័យ លោក សាំង ប៊ុនថេន ធ្លាប់បានប្រាប់អ្នកយកព័ត៌មានយើងថា លោកពិតជាទទួលស្គាល់ថាផ្លូវ​មានការស្រុតមែន ហើយកន្លងមកមន្ទីរបានធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងរថយន្តដឹកលើសទំងន់ ហើយ​បានធ្វើការកាត់ទ្រុងជាច្រើនថែមទៀត។
ប៉ុន្តែលោកទទួលស្គាល់ថា ការដឹកលើសទំងន់ភាគច្រើនគឺនៅពេលយប់ ហើយលោកនឹងបង្កើតក្រុមការងារត្រួតពិនិត្យ នៅពេលយប់ទៀត ដើម្បីកាត់បន្ថយការដឹកលើសទំងន់ធ្វើឲ្យផ្លូវ​ខូចនេះ៕