ស្លាប់ទៀតហើយពលករខ្មែរ ត្រូវកំលាំងទឹកបឺតចូលទៅក្នុងទុយោ ស្លាប់យ៉ាងវេទនា

0

ប្រទេសថៃ ៖ ជនរងគ្រោះម្នាក់ ដែលជាពលករខ្មែរទៅបម្រើការងារនៅក្នុងប្រទេសថៃ បានស្លាប់យ៉ាងវេទនាជាទីបំផុតដែលបន្សល់នូវភរិយា និងកូនប្រុសម្នាក់អង្គុយទ្រហ៊ោយំដោយភាពសោកសង្រេងដោយសារតែឃើញសពរបស់ស្វាមីត្រូវស្លាប់នៅក្នុងទុយោទឹក ខ្នាត ៥ តឹក ខណៈដែលគេបានចុះទៅបិទទឹកហើយត្រូវកំលាំងទឹកបឺតទាញចូលតែម្តង ។ហេតុការណ៍ដ៏គួរអោយរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ៦ និង ៣០ នាទី ព្រលប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងបរិវេណកសិដ្ឋានចិញ្ចឹមជ្រូក និងត្រី មួយកន្លែង យីហោ « លឹម ផៃប៊ូន ហ្វាម » ស្ថិតក្នុងភូមិ៦ ឃុំបាងបរិបូរណ៍ ស្រុកមឿង ខេត្តប្រាជីនបុរីប្រទេសថៃ ។
ជនរងគ្រោះមានឈ្មោះ ធៀង យិន ភេទប្រុស អាយុ២៧ឆ្នាំ ជាពលករខ្មែរ មានប្រពន្ធឈ្មោះ អូន ម៉ៅ និងកូនប្រុសម្នាក់ ដោយនៅធ្វើការជុំគ្នាក្នុងកសិដ្ឋានខាងលើ ។ គឺនៅមុន ពេលកើតហេតុជនរងគ្រោះបាននាំកម្មករម្នាក់ទៀតទៅចុះក្នុងទឹកអាងក្នុងគោលបំណងយកគម្របដែកទៅបិទក្បាលទុយោទឹក ( PVC ) ដែលមានទំហំ ៥ តឹក ដែលគេកំពុងបើកបង្ហូរចេញពីអាងមួយ ទៅក្នុងអាងមួយទៀត ក្នុងការដាក់កូនត្រី ។
នៅពេលនោះគឺជនរងគ្រោះបានចុះទៅតែម្នាក់ឯងហើយក៏ស្រាប់តែកំលាំងទឹកដែលកំពុងហូរចូលតាមទុយោ បានបឺតស្រូបយកជនរងគ្រោះចូលទៅក្នុងទុយោតែម្តង ដោយគេបានស្រែកហៅអោយគេជួយដែរប៉ុន្តែអ្នកដែលមកជាមួយមិនចេះហែលទឹក ក៏បានរត់ទៅហៅ កម្មករដទៃទៀត ប៉ុន្តែអ្វីៗត្រូវហួសអស់ទៅហើយ ដោយសារតែជនរងគ្រោះត្រូវចូលទៅក្នុងទុយោបាត់ឈឹងតែម្តង ។ នៅពេលនោះដែរ ទាំងម្ចាស់កសិដ្ឋានក៏ដូចជាក្រុមតម្រួតបានចុះទៅត្រួតពិនិត្យព្រមទាំងបានយកម៉ៃខូ ទៅកាយទំលាយផ្ទៃដី ដើម្បីទាញយកទុយោខ្នាតធំនោះឡើងមកលើដី ដោយគេបានប្រើពេលវេលានៃការកាយប្រមាណ ២ ម៉ោង ទើបយកទុយោនោះបាន ដោយឃើញសពនៅជាប់នឹងចុងទុយោ និងមានលក្ខណៈចូលជើងឆ្វេងទៅមុន រួចទើបបានទឹកចាប់ផ្តើមបឺតយកខ្លួនទៅតាមក្រោយ ព្រោះជើងខាងស្តាំត្រូវបត់ឡើងទៅជាប់នឹងក្បាល ។
បច្ចុប្បន្នសមត្ថកិច្ចបាននាំម្ចាស់កសិដ្ឋាន និងសាក្សីដែលទៅជាមួយយកទៅសាកសួរ អំពីដំណើររឿង និងដើម្បីរៀបចំធ្វើការទាក់ទងទៅកាន់ស្ថានទូត ក្នុងការបញ្ជូនសពទៅកាន់ ស្រុកកំណើតវិញជាមួយនឹងភរិយា ព្រមទាំងកូនប្រុសម្នាក់ផងដែរ ៕