ទំនិញក្នុងផ្សាខ្មែរ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ បើគ្មានការប្រុងប្រយ័ត្ន

0

បន្ទាយមានជ័យ ៖ ទំនិញខូចគុណភាពមួយចំនួន ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ធ្វើការដកហូត ក្នុងប្រតិបត្តិការចុះពិនិត្យគុណភាពចំណីអាហារ នៅក្នុងផ្សារថ្មពួក ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ។

លោក ហុង លៀង អនុប្រធានសាខាទទួលបន្ទុក ប្រធានការិយាល័យ ប្រមូលចំណូល និងទីផ្សារ នៃសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អនុវត្តន៍តាមការចង្អុលបង្ហាញរបស់លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ លើកិច្ចការងារ ពិនិត្យតាមដានការដាក់តាំងលក់ទំនិញតាមបណ្តាទីផ្សារ ឲ្យមានគុណភាព ជាពិសេស ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ និងក្រោម ការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកបានដឹកនាំមន្ត្រីជំនាញរបស់លោក សហការជាមួយ កម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត-ក្រសួង និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ចុះពិនិត្យគុណភាពទំនិញ និងធ្វើតេះទំនិញ មួយចំនួនរកសារធាតុគីមី ក្នុងផ្សារថ្មពួក ដែលជាលទ្ធផល មន្ត្រីរបស់លោក បានរកឃើញ និងដកហូតទំនិញមួយចំនួនដូចជា ៖ ទឹកក្រូចដបតូច៩ដប ស្កគ្រាប់ចិន៦០កញ្ចប់ ដំណាប់កន្ទួត៣បន្ទះធំ ទឹកក្រូចដបតូចហ្វាន់តា ២៧ដប ដែលសុទ្ធតែទំនិញខូចគុណភាព ។

លោក ហុង លៀង បញ្ជាក់ថា ការចុះត្រួតពិនិត្យនេះគឺក្នុងបំណងទប់ស្កាត់ការលួចលក់ទំនិញក្លែងក្លាយ ផលិតខូចគុណភាព និងអាហារខូចគុណភាព ដែលឈ្មួញមួយចំនួនលួចលក់តាមផ្សារក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ។ ហើយក៏សូមអំពាវនាវដល់ពលរដ្ឋគ្រប់រូប ពេលទិញអ្វីទៅបរិភោគ ឬទិញយកទៅប្រគេនព្រះសង្ឃ សូមមានការប្រុងប្រយត្ន័ ព្រោះបើទោះបីសមត្ថកិច្ចបានចុះពិនិត្យក៏ដោយក្តី តែកន្លែងខ្លះក៏អាចមានអាជីវករខិលខូចនៅលួចលក់ដដែល ៕