គ្រាន់​តែ​ប្រាប់​ថា​បើ​ស្រលាញ់​គ្នា​មែន​ ឲ្យ​ចាស់ទុំ​ចូល​ស្តី​ដណ្តឹង​នាងទៅ​ ប្អូន​ថ្លៃ​មិន​ទាន់​រៀបការ​ ចាប់​អារ.ក​បង​ថ្លៃ​ស្ទើរ​ក្ស័យ​ជីវិត​

0

កំពង់ចាម:​ បុរស​ចិត្ត​ខ្លាំង​ម្នាក់​ដែល​ជា​ប្អូន​ថ្លៃ​មិន​ទាន់​រៀបការ​​ បាន​ចាប់​អារ.ក​បង​ថ្លៃ​របស់​ខ្លួន​បណ្តាល​ឲ្យ​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​ ខណៈ​ដែល​អ្នក​ទាំង​២បាន​ផឹកស៊ី​ជា​មួយ​គ្នា​ ហើយ​បង​ថ្លៃ​បាន​ប្រាប់ទៅ​ប្អូន​ថ្លៃ​ថា​បើ​ឯង​ស្រលាញ់​គ្នា​មែន​នោះ​ ឲ្យ​ចាស់ទុំ​ចូល​ស្តី​ដណ្តឹង​នាងទៅ​ ដែល​ហេតុការណ៍​នេះ​បាន​កើតមាន​ឡើង​កាល​ពី​វេលាម៉ោង​៥​និង​៣០នាទី​ល្ងាច​ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិកងតាណឹងទី៤ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។

អធិការរង​នគរបាល​ស្រុក​កងមាស​ លោក​វរសេនីយ៍​ត្រី​ ថុង​ ភូរីវុធ​​ បាន​ឲ្យដឹងថា​ ជនសង្ស័យ​មាន​ឈ្មោះ ឆាយ ថាវី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តកោះកុង​ បច្ចុប្បន្ន​មាន​មុខរបរ​អ្នក​លក់​កាបូប​និង​ស្បែក​ជើង​ នៅ​បឹង​ទំពុន​ រាជធានី​ភ្នំពេញ​ ចំណែក​ជនរងគ្រោះ​មាន​ឈ្មោះ​ ហង្ស រដ្ឋា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិអង្គរ ឃុំព្រែកផ្ទោលស្រុកអង្គរបូរី ខេត្តតាកែវ​ ដោយ​​អ្នក​ទាំង​២មិន​បាន​ទៅ​លេង​ស្រុក​កំណើត​ទេ​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌនេះ​ គឺ​ត្រូវ​មក​លេង​ស្រុក​កំណើត​ខាង​ប្រពន្ធ​ និង​សង្សារ​ ដោយ​នៅ​មុន​ពេល​កើត​ហេតុ​ ជនសង្ស័យ​ និង​ជនរងគ្រោះ​បាន​ផឹក​ស៊ី​ជាមួយ​គ្នា​ ហើយ​ជន​រងគ្រោះ​ដែល​ត្រូវ​ជា​បង​ថ្លៃ​ បាន​ប្រាប់​ទៅ​ប្អូន​ថ្លៃ​ថា​ បើ​ឯង​ស្រលាញ់​គ្នា​យូរ​ហើយ​ ម្តេច​ក៏​មិន​ចូល​ស្តី​ដណ្តឹងនាង​ ដូច្នេះ​ក្នុង​រយៈពេល​១ខែ​បើ​សិន​ជា​មិន​ឃើញ​ចាស់ទុំ​ចូល​ស្តី​ដណ្តឹង​ទេ​ ប្រាកដ​ជា​មាន​បញ្ហា​ហើយ​ គ្រាន់​តែ​និយាយ​ចប់​ប្រមាណ​ជា​១៥នាទី​ គឺ​ជនសង្ស័យ​បាន​យក​កាំបិត​ឡាម​ចាប់​អារក​បង​ថ្លៃ​តែ​ម្ដង​ បណ្ដាលឲ្យរងរបួសធ្ងន់​ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីពេទ្យ​រាជធានី​ភ្នំពេញ ។
ក្រោយ​ពី​កើតហេតុ​ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹងបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា​ ទោះបីជា​ខ្លួន​ធ្លាប់​ទៅ​រក​ស៊ី​នៅ​ប្រទេស​ថៃ​ ហើយ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ទៀត​ តែ​ខ្លួន​មិន​ដែល​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​ទេ​ ​តែ​ពេល​នេះ​ដោយ​សារ​ខឹង​បង​ថ្លៃ​ពេក​ ទើប​បញ្ចេញ​កំហឹង​តែ​ម្ដង​ ៕