ខេត្តកែបចំណាយលុយ៩៥ម៉ឺនដុល្លាដើម្បីធ្វើឲ្យបរិស្ថានជុំវិញផ្សារក្តាមមានភាពប្រសើឡើង

0

អួង វឹង
កែប៖ផ្សារក្តាមខេត្តកែប មានភោជនីយដ្ឋានចំនួន៣៩ តូបលក់ដូរគ្រឿងសមុទ្រ គ្រឿងទេស ផ្លែឈើ និងសម្ភារៈបន្ទាប់បន្សំផ្សេងៗទៀតមានចំនួន៤០តូប និងអ្នកលក់ចល័តមានចំនួន៥០ ដែលសកម្មភាពទាំងនេះ បានបង្កឲ្យមានផលប៉ៈពាល់បរិស្ថាននៅជុំវិញផ្សារក្តាមនេះ ពិសេសការបង្ហូរទឹកកខ្វក់ចូលត្រង់ទៅក្នុងសមុទ្រ។

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ខេត្តកែប បានរៀបចំកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងទេសចរណ៍ការធ្វើឲ្យប្រសើឡើងបរិស្ថានជុំវិញផ្សាក្តាម ក្រោមអធិបតីភាព ឯ.ឧ បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ហើយបើតាមការលើកឡើងរបស់មន្ត្រីតំណាងអង្គភាពសម្របសម្រួលគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងតំបន់មេគង្គ នៅក្នុងពិធីនោះបានឲ្យដឹងថា គ្រោងមួយនេះត្រូវចំណាយថវិការអស់៩៥ម៉ឺនដុល្លាអាមេរិក។

តំណាងអង្គភាពសម្របសម្រួលគម្រោង លោក សុខ សុគុន្ធ បានប្រាប់ឲ្យដឹងថា ការអភិវឌ្ឍគម្រោងទេសចរណ៍ ការធ្វើឲ្យប្រសើរឡើងបរិស្ថានជុំវិញផ្សារក្តាមខេត្តកែប មានសកម្មភាពសំខាន់ចំនួនបួន ១) ប្រព័ន្ធលូបង្ហូរទឹកប្រើប្រាស់រួចមួយខ្សែមានតួនាទីចាប់ទឹកកខ្វក់ទាំងអស់មិនអោយហូរចូលសមុទ្រ ២) អាងប្រព្រឹត្តកម្មទឹកកខ្វក់ ៣) មណ្ទលព័ត៌មានទេសចរណ៍ ៤) បង្គន់អនាម័យសាធារណៈ និងសួនច្បារ ។

គម្រោងនេះដំណើរការទៅក្រោមកិច្ចសម្របសម្រួលនិងការគាំទ្រ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសកិច្ចសហការយ៉ាងជិតស្និតជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ក្រសួងទេសចរណ៍ ទទួលបានឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី។ គម្រោងនេះ ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី សម្រេចផ្តល់សិទ្ធជូនក្រុមហ៊ុន Khmer Décor Construction Co., Ltd. ធ្វើការសាងសង់ និងប្រើប្រាស់ពេលសាងសង់រយៈ១០ខែ ហើយគ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០១៨ខាងមុខ ជាមួយថវិកាប្រមាណ៩៥ម៉ឺនដុល្លា។

នៅក្នុងឱកាសនោះ ឯ.ឧ កែន សេត្ថា អភិបាលខេត្តកែប ក៏បានក្រើនរំឭកឡើងវិញដល់ប្រជាពលរដ្ឋ និងអាជីវករ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ឲ្យត្រៀមខ្លួនក្នុងឱកាសខេត្តកែបរៀបចំ ទិវាបុណ្យសមុទ្រលើកទី៦ នៅក្នុងឆ្នាំ២០១៧ឲ្យផ្តោតសំខាន់នៅបួនចំណុចគឺទី១.ថែរក្សាឲ្យបាននូវអនាម័យ បរិស្ថានស្អាត និងឆ្នេរបៃតង, ទី២. ត្រូវមានបដិសណ្ឋារកិច្ចល្ង, ទី៣ រក្សាអនាម័យម្ហូបអាហារ ជាពិសេសហាមយកសារធាតុកីមីប៉ះបាល់សុខភាពមកដាក់ដើម្បីធ្វើគ្រឿងឧបភោគ បរិភោកមើលទៅស្រស់, និងទី៤ ហាមការឡើងថ្លៃទំទិញ និងម្ហូបអាហារធ្វើឲ្យភ្ញៀវទេសចររាងចាល់ មិនចងមកលែងខេត្តកែប៕