ជនជាតិដើមភាគតិចនៃខេត្តរតនគិរី បាត់បង់ទំនៀមបទំលាប់ប្រពៃណីរបស់ពួកគេ

0

រតនគិរី ៖ ជាខេត្តដាច់ស្រយាល នៃតំបន់ភូមិភាគឦសាន្តដែលសំបូរទៅដោយ ជ្រោះជ្រងជ្រលងដងអូរ និងព្រៃភ្នំ ដែលមានជនជាតិដើមភាគតិចរស់នៅចំនួន ៨សាស្ត្រ គឺ ជនជាតិទំពួន ច្រាយ គ្រឹង កាចក់ ព្នង ព្រៅ កាវែត និងជនជាតិលន់ ។
ហើយពួកគេរស់នៅជាក្រុមជនជាតិ តាមភូមិនីមួយៗដាច់ដោយឡែកពីគ្នា ថ្វីត្បិតតែពួកគេ រស់នៅជាក្រុមជនជាតិ តាមភូមិនីមួយដាច់ឡែកពីគ្នាមែន តែទំនៀមទំលាប់ និងការរស់នៅ ប្រពៃណីជនជាតិដើមភាគតិចរបស់ពួកគេ មានស្រដៀងៗគ្នាផងដែរ ។

ចំណែកជីវភាពរស់នៅរបស់ពួកគេអាស្រ័យលើការបរបាញ់សត្វព្រៃ ដាក់អន្ទាក់សត្វ និងកាប់ព្រៃធ្វើចម្ការវិលជុំ រយៈពេល៣ឆ្នាំ ត្រូវទៅកាប់ចម្ការកន្លែងថ្មីទៀត។ ហើយចម្ការនោះទៀត សោទ ត្រូវពួកគាត់បុកដីដាំស្រូវដោយដៃ និងដាំបន្លែបង្កាសំរាប់បរិភោគប្រចាំថ្ងៃតែប៉ុណ្ណោះ។
ចំណែកការស្លៀកពាក់ប្រចាំថ្ងៃ មនុស្សប្រុសមិនមានពាក់អាវ តែស្លៀកប៉ឹងបិតបាំងខាងមុខបន្តិចបន្ទួចតែប៉ុណ្ណោះ រីឯមនុស្សស្រីស្លៀកពាក់ធម្មតា ហើយការប្រើប្រាស់ទឹក ពួកគេប្រើទឹកតាមជ្រោះ អូរ ចំណែកខែប្រាំងគឺគេកាយរណ្ដៅតូចៗ នៅតាមមាត់អូរសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃបន្តិបន្ទួចតែប៉ុណ្ណោះ។ ហើយការងូតទឹកទៀតសោទ គឺពួកគេងូតជាក្រុម គឺមនុស្សប្រុស និងមនុស្សស្រីងូតទឹកផ្សេងគ្នា ដោយអាក្រាតកាយទៀតផង។ ប៉ុន្តែទំនៀមទំលាប់ទាំងនោះត្រូវបានបាត់បង់បន្តិចម្ដងៗ រហូតដល់បច្ចុប្បន្ននេះ ត្រូវបាត់បង់ស្ទើរអស់ទាំងស្រុងទៅហើយ។

តាមការឲ្យដឹងពីលោក ឆាយ សាវុធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រពៃណីមួយចំនួនរបស់បងប្អូនជនជាតិដើមភាគតិច បានបាត់បង់បណ្ដើរៗ តាមរយៈការអប់រំពីសំណាក់អង្គការសង្គមស៊ីវិលនានា និងការច្រៀតចូលមករស់នៅពីសំណាក់ខ្មែរក្រោម និងវិវឌ្ឍន៍ជឿនលៀនតាមសម័យកាលបច្ចុប្បន្ន។

លោកបានបន្តទៀតថា បន្ទាប់ពីការស្លៀកពាក់ជាជនជាតិដើមភាគតិចតាមដូនតា មកស្លៀកពាក់ជារបៀបខ្មែរយើងធម្មតាវិញ រីឯការសាងសង់ផ្ទះកូនក្រមុំ និងផ្ទះកូនកម្លោះខ្ពស់ៗ ហើយដាច់ដោយឡែកនោះ ពួកគាត់ងាកមកសាងសង់ផ្ទះរបៀបផ្ទះខ្មែរយើងធម្មតាវិញ។

លោកឧត្ដមសេនីយ៍ត្រី ចាន់ ថាវី ស្នងការរង ទទួលបន្ទុកផែនកណ្ដាលការិយាល័យអត្តសញ្ញាណកម្ម នៃស្នងការរដ្ឋាននគរបាលខេត្តរតនគិរី បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ កន្លងទៅ ប្រជាពលរដ្ឋសរុបជាង ១៨ម៉ឺននាក់ ស្មើនិងជាង៤ម៉ឺន ២ពាន់គ្រួសារ ក្នុងនោះជនជាតិដើមភាគតិចមានចំនួន១០ម៉ឺន ៥ពាន់នាក់ស្មើនិងជាង ២ម៉ឺន ៤ពាន់ គ្រួសារ ហើយចំនួននេះ បើប្រៀបធៀបនិងចំនួនប្រជាពលរដ្ឋសរុបក្នុងខេត្ត ឃើញថាជនជាតិដើមភាគតិចមានចំនួនជាង៧០ភាគរយ នៃប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត។

បើទោះជាបងប្អូនជនជាតិដើមភាគតិចមានការអភិវិវឌ្ឍន៍ខ្លួនតាមសម័យកាលជឿនលឿនយ៉ាងណាក៏ដោយ តែទំនៀមទំលាប់ប្រពៃណីពួកគាត់ ដូចជាការស្ពាយកាផាដាក់បន្លែបង្កាដើរលក់តាមផ្ទះ កាប់ក្របីសែនព្រេន ផឹកស្រាពាងក្នុងភូមិ សុំសេចក្ដីសុខ ពីអារុកអារ័ក្សអ្នកតាព្រៃភ្នំ នៅតែពួកគេគោរព ធ្វើពិធីនេះជាធម្មតាដដែល៕ យក្ខឡោម