រមណីដ្ឋានដូងទេរកំពុងក្លាយជាទិសដៅទេសចរណ៍គួរឲ្យទាក់ទាញថ្មីមួយរបស់ខេត្តកំពត

0

កំពតៈ ដោយសារតែស្រុកទេសមានសន្តិភាព មានការអភិវឌ្ឍ ជីវភាពប្រជាជនប្រសើរជាងមុន ប្រាក់ចំណូលបានកើនឡើងជាលំដាប់នោះ បានធ្វើឲ្យអ្នកវិនិយោគក្នុងនិងក្រៅស្រុក ងាកមកចាប់អារម្មណ៍ បង្កើតអាជីវកម្មលើវិស័យទេសចរណ៍ ជាពិសេសការបង្កើតជារមណីដ្ឋានកែច្នៃថ្មីៗគួរឲ្យទាក់ទាញជាច្រើននៅក្នុងខេត្តកំពត។ ក្នុងនោះរមណីដ្ឋានដូងទេរទទួលបានទទួលភ្ញៀវទេសចរណ៍ រាប់រយនាក់ ទៅទស្សនាជារៀងរាល់ថ្ងៃ ដោយសារទីនោះ មានទេសភាពល្អប្រណិត ខ្យល់អាកាសបរិសុទ្ធ បរិស្ថានស្អាតអបដោយខ្យល់ត្រជាក់បកពីកំពូលភ្នំកំចាយ ឆ្នេរខ្សាច និងទឹកព្រែត្រជាក់ខៀវស្រងាត់អាចងូតលែងបាន។

រមណីយដ្ឋានដូងទេរស្ថិតក្នុងទឹកដីភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូនេះ ទេសចរទាំងឡាយត្រូវធ្វើដំណើរលើដងផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានទឹកឈូក្នុងចម្ងាយប្រហែលប្រាំមួយគីឡូម៉ែត្រពីចំណុចរង្វង់មូលរូបសំណាកទឹករលកក្បែរស្ពានមិត្តភាពកម្ពុជា កូរ៉េកំពង់បាយទីរួមខេត្តកំពត រួចបត់ចុះទៅផ្នែកខាងស្តាំដៃប្រមាណប្រហែលបួនរយម៉ែត្របន្ថែមទៀត។
លោក ខែម សុវណ្ណ អ្នកចាត់ការទូទៅនៃរមណីយដ្ឋានដូងទេរបានរៀបរាប់ថារមណីយដ្ឋានដូងទេរទើបតែបើកសាកល្បងប្រហែលពីរខែប៉ុណ្ណោះ ពោលគឺមិនទាន់ដំណើរការជាផ្លូវការនៅឡើយទេ។ ការបើកទីតាំងកម្សាន្តនៅទីនេះក្នុងបំណងបង្កើនតំបន់រមណីយដ្ឋានសម្រាប់ខេត្តកំពតដែលមានភាពទាក់ទាញ ខ្លាំងលើវិស័យទេសចរណ៍។ អ្នកចាត់ការរូបនេះបានបន្តទៀតថា ការបង្កើតមណ្ឌលកម្សាន្តនៅទីនេះមានបំណង បង្កើតទីផ្សារសម្រាប់ផលិតផលក្នុងស្រុកផងដែរ ដូចជា សម្ភារៈតុបតែងលម្អនានាគឺប្រមូលយកពីអ្វីដែលជាស្នា ដៃរបស់អ្នកស្រុក ចំណែកបន្លែផ្លែឈើក៏ដូចគ្នាដែរ ការធ្វើបែបនេះដើម្បីចូលរួមលើកស្ទួយជីវភាពពួកគាត់មួយផ្នែក។
បន្ថែមទៀតថា សព្វថ្ងៃ តាមរយៈការបើកសាកល្បងនេះ រមណីយដ្ឋានបានផ្តល់ការងារដល់អ្នកស្រុកពី២០ទៅ៣០នាក់។ ទៅថ្ងៃមុខ សង្ឃឹមថាអ្នកស្រុកអាចទទួលបានការងារធ្វើយ៉ាងហោចណាស់ក៏៥០នាក់ដែរ ព្រោះនៅទីនេះមានគម្រោងបង្កើតជាបារ អាហារដ្ឋាន កន្លែងស្នាក់នៅ និងមានឆ្នេរខ្សាច់ទឹកសាបល្អស្អាតដែលក្នុងខេត្តកំពតទើបតែមាននៅរមណីយដ្ឋានដូងទេរនេះ។ ក្នុងថ្ងៃធម្មតាដូងទេរទទួលភ្ញៀវពី៣០០នាក់ទៅ៥០០នាក់។ ចំណែកឯថ្ងៃសៅរិ៍ អាទិត្យ ឬថ្ងៃបុណ្យទានមានពី៧០០នាក់ទៅ១.០០០នាក់។

កញ្ញា ហ្សាណា ទេសចរណ៍មកពីក្រុងភ្នំពេញ បានប្រាប់ អប្សរា ថា កញ្ញាបានមកជាលើកទីពីរហើយអ្វីដែលធ្វើឲ្យកញ្ញាជាប់ចិត្តនោះគឺខ្យល់អាកាស និងទេសភាពស្អាតមាន ទឹកត្រជាក់ មានភ្នំ មានកន្លែងក្មេងលេងកម្សាន្ត និងមនុស្សធំអាចជិះទូកលេងគយគន់ដងព្រែកផងដែរ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានមានប្រសាសន៍ថា ការបង្កើតរមណីដ្ឋានកែច្នៃនេះ ជាការបង្កើនបណ្តុំសកម្មភាពទេសចរណ៍ទៅលើសក្តានុពលកំពុងមានស្រាប់គឺរមណីយដ្ឋានធម្មជាតិទឹកឈូ ថ្មីៗនេះនៅតំបន់ជុំវិញរមណីយដ្ឋានទឹកឈូមានការបង្កើតកន្លែងកម្សាន្តខ្នាតតូចៗបន្ថែម ដូចជា កន្លែងជិះខ្សែរ៉ក កន្លែងជិះទូកកៃយ៉ាក់ កន្លែងដូងទេរជាដើម។ លោកប្រធានមន្ទីរបានបញ្ជាក់ថា នេះគឺជាការចូលរួមចំណែកដ៏សំខាន់សម្រាប់វិស័យឧស្សាហកម្មគ្មានផ្សែងក្នុងខេត្តកំពត៕