ប្រមាណ៣០០ គ្រួសារ ក្នុងភូមិអូរធំនឹងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ក្នុងពេលឆាប់ៗនេះ

0

កំពង់ធំ៖ លោក លី គឹមពាវ ស្នើរប្រជាពលរដ្ឋទាំងអស់ក្នុងភូមិអូរធំ កុំលក់ដី ដែលរាជរដ្ឋាភិបាលប្រគល់ជូននូវប័ណ្ណកម្មសិទ្ធិស្របច្បាប់ ដោយគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយទុកជាមរតក តកូន តចៅ។

លោកបានបន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់មកលើប្រជាពលរដ្ឋក្រីក្រជួបការលំបាកខ្វះខាត និងមានការចង្អុលបង្ហាញពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំដោយមានការគាំពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច ការធ្វើការបែងចែកដីសម្បទានសង្គមកិច្ចនេះមិនមានយកប្រាក់ពីប្រជាពលរដ្ឋនោះទេ គឺចែកជូនប្រជាពលរដ្ឋណាដែលខ្វះខាតពិតប្រាកដហើយមានឯកសារបញ្ជាក់ត្រឹមត្រូវក្នុងការរស់នៅចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១១មក។ នៅពេលដែលបងប្អូនត្រូវបានប្រគល់នូវប័ណ្ណកម្មសិទ្ធិស្របច្បាប់ហើយ នោះមានន័យថាបងប្អូនគឺជាម្ចាស់កម្មសិទ្ធិ ដែលមានលក្ខណៈគ្រប់គ្រាន់ស្របច្បាប់របស់រាជរដ្ឋាភិបាល ទាំងការភ្ជូររាស់ បង្កបង្កើនផល ដ៏ដូចជាការបន្តមរតកទៅជំនាន់ក្រោយដែលជាកូន ចៅរបស់ខ្លួនបាន។ មួយវិញទៀត គម្រោងនឹងធ្វើការទាក់ទងទៅមន្រ្តីជំនាញផ្នែកកសិកម្ម ដែលមានមន្ទីរកសិកម្មជាសេនាធិការរបស់ក្រសួងសិកម្ម ក្នុងការចុះសិក្សាពីប្រភេទដី និងដំណាំដែលអាចជួយសម្រួលក្នុងការដាំដុះ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងទទួលបាននូវទិន្នផលខ្ពស់។
លោក អ៊ឹម សុឌីណា បានលើកឡើងថា ការប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះគឺសម្រាប់តែបងប្អូនប្រជាពលរដ្ឋនៅភូមិអូរធំតែប៉ុណ្ណោះ បងប្អូនត្រូវរៀបចំឯកសារឲ្យបានគ្រប់តាមលក្ខណៈរបស់សម្បទានសង្គមកិច្ចហើយឬនៅ ដើម្បីចូលមកបង្ហាញខ្លួនចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៨នេះតទៅដោយក្រុមការងារចុះទៅវាស់វែងជូនបងប្អូនប្រជាពលរដ្ឋដោយក្នុងមួយគ្រួសារទទួលបានដីលំនៅដ្ឋាន
៣០ X៤០ និងដីកសិកម្ម ចំនួនពីរហិចតា និងការចូលមកបំពេញទិន្នន័យដោយទុកឲ្យបងប្អូនមានរយៈពេល១០ថ្ងៃដោយត្រៀមឯកសារ មានសៀវភៅគ្រួសារ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណ ។
ការមានប្រសាសន៍ដូច្នេះនៅក្នុងប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋប្រមាណ៣០០គ្រួសារ ក្នុងភូមិអូរធំ ឃុំទីពោ ស្រុក សន្ទុក ខេត្តកំពង់ធំក្រោមអធិបតីភាពលោក លី គឹមពាវ នាយករងរដ្ឋបាលសាលាខេត្តនិងជាប្រធានគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយមានការចូលរួមពីលោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ប្រធានអង្គភាពមន្ទីរពាក់ព័ន្ធ និងប្រជាពលរដ្ឋប្រមាណជា៣០០នាក់ ថ្ងៃព្រហស្បតិ៍ ១កើត ខែ មាឃ ឆ្នាំ រកា នព្វស័ក ព . ស ២៥៦១ ត្រូវនិងថ្ងៃទី១៨ ខែ មករា ឆ្នាំ ២០១៨ ដែលរៀបចំដោយមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់និងសុរិយោដីខេត្តកំពង់ធំ។