ផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ជូនដល់សមាជិកសមាជិកាក្រុងស្ទឹងសែន

0

ខេត្តកំពង់ធំៈ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ បានសម្រេចនូវសមទ្ធិផលថ្មីៗ ជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា ដូចជា ការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង ប្រសាសន៍ ត្រូវបានឯកឧត្តម សុខ លូ ប្រធានគណបក្សខេត្តកំពង់ធំ  ថ្លែងនៅក្នុងពិធី ផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទំាងប្រទេស។

ពិធីផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើង  នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សខេត្តកំពង់ធំក្រោមអធិបតីភាព ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយក្រុងស្ទឹងសែន សមាជិក-សមាជិកាគណបក្ស ដែលមកពីមូលដ្ឋានក្រុង សង្កាត់ទាំង៨ ក្នុងក្រុងស្ទឹងសែន ខេត្តកកំពង់ធំ សរុប ២៥០នាក់ ។

លោក ម៉ាក់ ប៊ុនហុង ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងស្ទឹងសែន បានលើកឡើងពី កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ និងអានសេចក្តីសម្រេចចិត្ត នៃមហាអង្គសន្និបាតវិសាមញ្ញតំណាងទូទំាងប្រទេស របស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម សុខ លូ បានថ្លែងថា អង្គមហាសន្និបាតទូទាំងប្រទេសលើកនេះ ដែលបានដំណើរការពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ គឺបានឆ្លងនូវខ្លឹមសារសំខាន់ៗ៤ រួមមាន៖ ខ្លឹមសារទី១៖ គឺឆ្លងរបាយការណ៍បូកសរុប ការដឹកនាំរបស់គណបក្សសម្រាប់ឆ្នាំ២០១៧ និងទិសដៅសម្រាប់ឆ្នាំ២០១៨ ខ្លឹមសារទី២៖ ឆ្លងកម្មវិធីនយោបាយ របស់គណបក្សសម្រាប់ដឹកនាំ ក្នុងរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ខ្លឹមសារទី៣៖ គឺការណែនាំ ផែនការឆ្ពោះទៅការបោះឆ្នោត ជ្រើសតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា ខ្លឹមសារទី៤៖ គឺអង្គមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសដំណើរការបោះឆ្នោតជ្រើសរើសបំពេញបន្ថែម សមាជិកគណៈកម្មាធិការកណ្តាលពីចំនួន៥៤៥រូប ដល់៨៦៥រូប បានន័យថា បន្ថែម៣៤២រូប។

គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺដំណោះស្រាយនយោបាយ និងវប្បធម៌ សន្ទនាដើម្បីជម្រុញការបង្រួបបង្រួមជាតិ រួមគ្នាជាកម្លាំង ការពារខឿនឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី និងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេសសមិទ្ធិផលសង្គម អភិវឌ្ឍន៍ប្រទេស បម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ការដំឡើងប្រាក់ខែជូនដល់មន្រ្តីរាជការ និងកម្មកររោងច្រកជាដើម។ ចំពោះវិស័យសេដ្ឋកិច្ចកម្ពុជា មានកំណើនក្នុងរង្វង់ ៧% អតិផរណាត្រូវរក្សាឲ្យស្ថិតក្នុងរង្វង់ ៣,៥% អត្រាប្តូរប្រាក់រៀល មានស្ថិរភាព ហើយបានកំពុងចាកចេញផុត ពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប៕ដោយ  ប៊ុន  រដ្ឋា