នាវាទេចរណ៍ ឈ្មោះ SAPPHIRE PRINCESS នាំភ្ញៀវទេសចរបរទេសចម្រុះសញ្ជតិ រាប់ពាន់នាក់ ចូលមកលេងខេត្តព្រះសីហនុ

0

ព្រះស៊ីហនុ   ភ្ញៀវទេសចរបរទេសចម្រុះជា ៤.០០០នាក់ បានធ្វើដំណើរតាមនាវាទេសចរយក្សមួយគ្រឿងមានឈ្មោះ SAPPHIRE PRINCESS ចូលមកទេសចរណ៍ខេត្តព្រះសីនុរយៈពេលមួយថ្ងៃគឺនៅថ្ងៃអាទិត្យ៤រោច ឆ្នាំរកា ពស ២៥៦១ត្រូវនឹងថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០១៨។

លោកវរសេនីយ៍ឯក កៅ សារាណា នាយប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឲ្យដឹងថា នាវាទេសចរណ៍យក្សនេះចូលចតនៅច្រកកំពង់ផែសមុទ្រអន្តរជាតិក្រុងព្រះសីហនុ នៅព្រឹកព្រលឹមថ្ងៃ ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ ។
នាវានេះមានសញ្ជាតិ BERMUDA មានបណ្តោយ ២៨៨ ម៉ែត្រ ទទឹង ៣៦ម៉ែត្រ ជម្រៅទឹក ៨,៣ ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។
ភ្ញៀវទេសចរសរុបចំនួន ២,៦៥៨នាក់ ស្រី ១,៤៣២នាក់ មាន ៤០សញ្ជាតិ និងមាននាវិកសរុបចំនួន ១,០៧៩នាក់ ស្រី ២២៥នាក់ មាន ៥២សញ្ជាតិ ។
នាវាទេសចរណ៍យក្ស SAPPHIRE PRINCESS បាននាំភ្ញៀវទេសចរ ចាកចេញពីកំពង់ផែប្រទេស វៀតណាម បានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង ៦ និង៣០នាទី ព្រឹកថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៨ នាវានេះនឹងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះ សីហនុ នៅវេលាម៉ោង ១៦រសៀល ថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសថៃបន្តទៀត។
ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា SAPPHIRE PRINCESS ភាគច្រើនមានវ័យចំណាស់ ក្នុងចំណោមភ្ញៀវទេសចរ ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា សញ្ជាតិអង់គ្លេសចំនួន ៩៩៩នាក់ អូស្ត្រាលីចំនួន ៥៣៨នាក់ អាមេរិកចំនួន ៥២៣នាក់ ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត ។
លោកនាយប៉ុស្តិ៍បានបន្តថា ក្នុងដំណើរចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះស៊ីហនុ មានភ្ញៀវទេសចរបរទេសមកពីខេត្តសៀមរាបចំនួន ៣៤នាក់ ស្រី ២០នាក់មាន ៣សញ្ជាតិ ធ្វើដំណើរចេញតាមនាវានេះទៅកាន់ប្រទេសថៃផងដែរ។

គួររំលឹកថាភ្ញៀវទេសចរតាមនាវាធំៗបានចូលមកខេត្តព្រះសីហនុច្រើនគួរអោយកត់សំគាល់។
ទាំងនេះដោយសារតែស្ថានភាពប្រទេសយើងមានស្ថេរភាព សុខសន្តិភាព និងសុវត្ថិភាព។
(ដោយ៖ខៀវ សាវ៉ុន)