ភ្ញៀវ​ទេសចរណ៍​បរទេស​ និង​ខ្មែរ​ជាង​៣០នាក់​ ភ័យ​ព្រលឹង​ចុង​សក់​ ខណៈ​ធ្វើ​ដំណើរ​សុខៗ​ស្រាប់​តែ​​បុរស​ម្នាក់​ មក​ប្រទាញ​ដណ្ដើមយក​ចង្កូត​រថយន្ត​ពី​អ្នក​បើកបរ

0

កំពង់ចាម​:​ ភ្ញៀវ​ទេសចរណ៍​បរទេស​ និង​ខ្មែរ​ចំនួន​៣១នាក់​ ជិះ​លើរថយន្ត​ក្រុង​​របស់​ក្រុមហ៊ុន​ ភ្នំពេញ​ សូរីយា​ ដឹក​អ្នក​ដំណើរ​ ភ័យ​ព្រលឹង​ចុង​សក់​ ស្រែក​ស្លន់ស្លោ​ទ្រហឹង​ពេញ​

រថយន្ត​ ខណៈ​ដែល​ធ្វើ​ដំណើ​រ​សុខៗ​ ស្រាប់​តែ​មាន​បុរស​ម្នាក់​ ហក់​មក​ប្រទាញ​ដណ្ដើមយក​​ចង្កូត​រថយន្ត​ពី​អ្នក​បើកបរ​ បណ្តាល​ឲ្យ​រថយន្ត​រេ​ពេញ​ផ្លូវ​ និង​បុក​ឡើង​សួន​ដាំ​ស្មៅ​។
ហេតុការណ៍​នេះ​បាន​កើតមាន​ឡើង​កាលពី​វេលា​ម៉ោង​៩និង​៤០នាទី​ព្រឹក​ ថ្ងៃ​ទី​៤​ ខែ​មករា​ ឆ្នាំ​២០១៨​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦A ស្ថិតក្នុងភូមិរវាង​ ឃុំ​ខ្នុរ​ដំបង​ ស្រុក​ជើង​ព្រៃ​ ខេត្ត​កំពង់ចាម​។
មន្ត្រី​នគរបាល​ចរាចរណ៍​ បាន​ឲ្យដឹងថា​ អ្នក​បើកបរ​រថយន្ត​ក្រុង​មាន​ឈ្មោះ​ ភុំ​ ភីណាក់​ ភេទប្រុស​ អាយុ​៣៥ឆ្នាំ​ មានទីលំនៅ​ភូមិ​ចុង​ដូង​ ឃុំ​ចុង​ដូង​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​ ដែល​បាន​បើក​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​ ភ្នំពេញ​ សូរីយា​ ដឹក​អ្នកដំណើរ​​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​3B-1863 បើកបរ​ក្នុង​ទិសដៅ​ពី​ភ្នំពេញ​ ទៅ​ខេត្ត​សៀមរាប​ ខណៈ​មក​ដល់​ត្រង់​ចំណុច​កើត​ហេតុ​ ស្រាប់តែ​មាន​បុរស​ម្នាក់​ឈ្មោះ​ ជាម​ ជៀន​ ភេទប្រុស​ អាយុ​៣០ឆ្នាំ​​ មាន​ទីលំនៅ​ភូមិ​គោក​មាន់​ ឃុំ​តាសម​ ស្រុក​អង្គរ​ជុំ​ ខេត្ត​សៀមរាប​ ដោយ​សង្ស័យ​បែក​ថ្នាំ​ បាន​ហក់​ចូល​ទៅ​ទាញ​ដណ្ដើម​យក​ចង្កូត​រថយន្ត​ពី​អ្នក​បើកបរ​ បណ្តាល​ឲ្យ​រថយន្ត​រេ​ពេញ​ផ្លូវ​ និង​បុក​ឡើង​លើ​សួន​ដាំ​ស្មៅ​ តែ​សំណាង​ល្អ​មិនមាន​អ្នក​រងរបួស​ទេ​ គ្រាន់តែ​មាន​ការ​ភិតភ័យ​ ព្រលឹង​ចុង​សក់​ ទាំង​ភ្ញៀវ​បរទេស​ និង​ខ្មែរ​។
ក្រោយ​ពី​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើ​អន្តរាគមន៍​ សម្រួល​ចរាចរណ៍​ និង​ឃាត់ខ្លួន​ជន​បង្ក​ដើម្បី​ធ្វើការ​សួរនាំ​ផង​ដែរ​ ដោយ​ជន​បង្ក​ថា​ មាន​គេ​ប៉ង​ចាប់​ខ្លួន​វេះ​យក​ក្រលៀន​ ទើប​មាន​រឿង​ដូច្នេះ​កើត​ឡើង​។
ដោយ​ឡែក​ប្រពន្ធ​ជន​បង្ក​ឈ្មោះ​ តឹម​ នីន​ អាយុ​២៩ឆ្នាំ​ ដែល​បាន​រួម​ដំណើរ​ជាមួយ​គ្នា​ បាន​និយាយ​ថា​ ខ្លួន​និង​ប្តី​ មាន​ស្រុក​កំណើត​ នៅ​ខេត្ត​សៀមរាប​ ដោយ​ជីវភាព​ខ្វះខាត​ ទើប​បាន​នាំ​គ្នា​មក​ស៊ីស្នួល​គេ​ធ្វើ​ជា​កម្មករ​សំណង់​ នៅ​ភ្នំពេញ​ តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ប្តី​របស់​ខ្លួន​ ហាក់​ដូច​ជា​មាន​អាការៈ​មិន​ស្រួល​សោះ​ ចេះតែ​រវើរវាយ​ទៀត​ផង​ ទើប​សម្រេច​ចិត្ត​នាំគ្នា​ទៅ​ស្រុក​វិញ​ តែ​មិន​នឹក​ស្មាន​ថា​មាន​រឿង​បែប​នេះ​សោះ​ ៕