អាជ្ញាធរខេត្តព្រះសីហនុកំពុរកដំណោះស្រាយបញ្ហា ការដ្ឋានសាងសង់រោងចក្រលាយបេតុងមួយនៅមុខស្ថានីយ៏រថភ្លើង

0

ខេត្តព្រះស៊ីហនុ ប្រជាពលរដ្ឋប្រមាណ៥០០គ្រួសារ រស់នៅក្រុម៣ -៤ -៥ -៦ -៧ និងក្រុម១៣ ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្ដព្រះសីហនុ កំពុងខ្វល់ខ្វាយផលប៉ះពាល់ដែលបង្ករដោយរោងចក្រលាយបេតុង ដែលកំពុងដំណើរការ ការដ្ឋានសាងសង់បើទោះបីជារដ្ឋបាលខេត្តមិនទាន់អនុញ្ញាតច្បាប់អោយយ៉ាងណាក្តី។

លោក រាជ ដាវី តំណាងប្រជាពលរដ្ឋរស់នៅក្រុម១៣ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្ដព្រះសីហនុ លើកពីកង្វល់របស់ប្រជាពលរដ្ឋប្រាប់នៅថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា៖ កន្លងមកក្រុមហ៊ុនបានអញ្ជើញប្រជាពលរដ្ឋប្រមាណ ៥០រូប ចូលរួមប្រជុំផ្សព្វផ្សាយអំពីផលប៉ះពាល់នេះដែរ ប៉ុន្តែដោយសារការយល់ដឹងរបស់ពួកគាត់នៅមានកម្រិត ពួកគាត់មិនសូវយល់ពីបញ្ហាទាំងនោះទេក៏បានស្ងាត់ស្ងៀមមួយរយៈខ្លីបន្ទាប់បីក្រុមហ៊ុនបានសន្យាថាមិនអោយប៉ះពាល់ប្រជាពលរដ្ឋ។តែក្រោយមកពួកគាត់ឃើញក្រុមហ៊ុនរោងចក្រលាយបេតុងមួយនៅឃ្លាំលើសង្កាត់លេខ១ ជាប់របងសាលាបឋមសិក្សា ហ៊ុន សែន ឃ្លាំងលើមានការប៉ះពាល់បរិស្ថានយ៉ាងខ្លាំង ដែលថ្មីៗត្រូវបានអាជ្ញាធរខេត្ដឲ្យផ្អាកសកម្មភាព។ពួកគាត់ក៏បាននាំគ្នាសំដែងការមិនពេញចិត្តអោយមានការសង់រោងចក្រលាយបេតុងនៅទៅនេះទេដោយបានសំណូមពរទៅអភិបាលខេត្តព្រះសីហនុជួយអន្តរាគមន៏ដើម្បីអោយក្រុមហ៊ុនរកទីតាំងផ្សេងជំនួសវិញ។

លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ដែលហៅកាត់ថា (CNRO) ក៍បានលើកឡើងពីចម្ងល់ថាការដ្ឋានសាងសង់រោងចក្រលាយបេតុងនេះមិនទាន់មានច្បាប់អនុញ្ញាត ចុះហេតុអ្វីក្រុមហ៊ុនធ្វើសកម្មភាពបែបនេះហើយលោកយល់ស្របចំពោះកង្វល់របស់ប្រជាពលរដ្ឋពីផលប៉ះពាល់បរិស្ថាននេះដែរ។

ឯកឧត្ដម យន្ដ មីន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ ថ្លែងបំភ្លឺពីកង្វល់របស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញការដ្ឋានសាងសង់រោងចក្រលាយបេតុង ស្ថិតនៅមុខស្ថានីយ៍រថភ្លើងនោះថា លោកមិនយល់ទាស់ទេចំពោះការអភិវឌ្ឍ ប៉ុន្ដែហើយចំពោះបញ្ហាកង្វល់របស់ប្រជាពលរដ្ឋក៍លោកត្រូវគិតជាចំបងហើយ។ ការដ្ឋានសាងសង់រោងចក្រលាយបេតុងនេះក៏មិនទាន់អនុញ្ញាតច្បាប់អោយនៅឡើយទេ។ បញ្ហានេះ ឯកឧត្តមបញ្ជាក់ថា នឹងប្រជុំគណៈអភិបាលដើម្បីដោះស្រាយបញ្ហាទាំងនេះជូនពលរដ្ឋ។

លោក នី សុជាតិ តំណាងអ្នកឧកញ៉ា គិត ម៉េង ក្នុងការស្នើសុំសាងសង់រោងចក្រលាយបេតុង នៅក្រុម៦ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្ដព្រះសីហនុ មិនទាន់បានអត្ថធិប្បាយអ្វីចំពោះបញ្ហាកង្វល់របស់ប្រជាពលរដ្ឋ និងច្បាប់អនុញ្ញាតបាននៅឡើយទេ៕ដោយ៖សាវ៉ុន