ករណីញុះញង់ចាប់ដីសម្បទានសង្គមកិច្ចរដ្ឋការ៉េពីរ (២.២២២ហិចតា)នៅ៣ស្រុក ទាហានចាប់ខ្លួនពលរដ្ឋ៣នាក់ប្រគល់អោយប៉ូលីស

0

បន្ទាយមានជ័យ :ទាហានតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យដែលក្នុងតួនាទីជាសមាគមអតីតយុទ្ធជនខេត្តរួមនឹងនគរបាលនិងអាជ្ញាធរដែនដី បានចាប់ខ្លួនពលរដ្ឋ៣នាក់ប្រគល់អោយនគរបាលអធិដ្ឋានស្រុកថ្មពួក ហើយបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត រួចបន្តកសាងសំណុំរឿងបញ្ជូនទៅតុលាការទៀតនៅថ្ងៃទី២០ខែកុម្ភ:នេះ។
អំពីពលរដ្ឋ៣នាក់ដែលត្រូវចាប់ខ្លួននៅទីតាំងនាល្ងាចថ្ងៃទី១៨កុម្ភ:កន្លងមកនោះ លោកវរះសេនីយ៍ អ៊ុក សុផាត អធិការនគរបាលស្រុកថ្មពួកបានអោយដឹងថា៖រួមមាន១.ឈ្មោះ ព្រាប ផែ ភេទប្រុសអាយុ៥៥ឆ្នាំរស់នៅភូមិថ្មគោលឃុំផ្គាំស្រុកស្វាយចេក ។២.ឈ្មោះ ហម ហ៊ុន ភេទប្រុសអាយុ៣៤ឆ្នាំរស់នៅភូមិស្វាយខ្មៅឃុំពន្លៃស្រុកភ្នំស្រុក និង៣.ឈ្មោះ ឌុក មឿន ហៅតាសក់កណ្តាញ់ភេទប្រុសអាយុ៥០ឆ្នាំរស់នៅភូមិកូនខ្លែងឃុំប៉ោយចារស្រុកភ្នំស្រុក ។ ពេលចាប់ខ្លួនប្រជាពលរដ្ឋទាំង៣នាក់បានទៅស្នាក់នៅនិងធ្វើសកម្មភាពរុករានមភ្ជួរដីសម្បទានសង្គមកិច្ចនោះ ។
លោកវរះសេនីយ៍បន្តថា កម្លាំងសមត្តកិច្ចចម្រុះដែលឃាត់ខ្លួនពលរដ្ឋទាំង៣នាក់ បាននាំមកប្រគល់ជូនកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក បានសួរចម្លើយរួចបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៩ខែកុម្ភះឆ្នាំ២០១៨។
ដីសម្បទានសង្គមកិច្ចទំហំ២.២២២ហិចតានោះស្តិតក្នុងភូមិសាស្ត្រឃុំប៉ោយចារស្រុកភ្នំស្រុកឬជិតតំបន់៣ស្រុក មានស្រុកភ្នំស្រុក ថ្មពួកនិងស្វាយចេក។ដីព្រៃឈើនេះត្រូវបានរដ្ឋបាលព្រៃឈើ រដ្ឋបាលខេត្តបន្ទាយមានជ័យនិងថ្នាក់លើពាក់ព័ន្ធកាត់ទុកសម្រាប់បម្រុងទុកដើម្បីផ្តល់ជូនអតីតយុទ្ធជន យុទ្ធនារីដែលមានគុណបំណាច់ចំពោះជាតិ មាតុភូមិនិងប្រជាជនសម្រាប់រស់នៅនិងបង្កបង្កើនផល។
គណៈកម្មការមួយដែលមានលោកឧត្តមសេនីយ៍ ភ្លន់ តារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ-ប្រធានសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការរគ្រប់គ្រងបានដឹនាំបញ្ជាអោយចាប់ខ្លួន
បានចុះទៅពិនិត្យ ឃើញមានប្រជាពលរដ្ឋរស់នៅចំណុចដីការ៉េពីរមានប្រជាពលរដ្ឋអានាធិបតេយ្យប្រមាណ១០០គ្រួសារដែលធ្វើផ្ទះនិងដាំដំឡូងមី។
លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលបានបញ្ជាក់ថា៖ប្រជាពលរដ្ឋចំនួន៣នាក់ដែលកម្លាំងសមត្តកិច្ចចម្រុះ ពិសេសគឺកងទ័ពចាប់ខ្លួនប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកថ្មពួកហើយបញ្ជូនមកកម្លាំងនគរបាលខេត្ត ដែលចោទប្រកាន់ពីរ :ករណី១.ពីបទញុះញង់ប្រជាពលរដ្ឋទៅចាន់ដីតំបន់អភិវឌ្ឍន៍សង្គមកិច្ច ២.ពីបទបង្កើតភូមិអានាធិបតេយ្យលើដីតំបន់អភិវឌ្ឍន៍សង្គមកិច្ច។
ក្រោយពេលសាកសួរចម្លើយហើយនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី២០ខែកុម្ភះឆ្នាំ២០១៨៕ដោយ៖ឃិន គន្ធា