កម្លាំងកងរាជអាវុធហត្ថ​ស្រុក​ជាំក្សាន្ត សហការណ៍ជាមួយកម្លាំងក២កងពលធំអន្តរាគមន៍លេខ៣ ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុក ចែកចាយសារធាតុ​ញៀនដកហូត​ថ្នាំញៀន៤១កញ្ចប់​​

0

ព្រះវិហារ ជនសង្ស័យម្នាក់ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថ​ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ សហការណ៍ជាមួយកម្លាំងក២ កងពលធំអន្តរាគមន៍លេខ៣ ចុះធ្វេីការឃាត់ខ្លួន កាលពីវេលាម៉ោង៩.០០នាទីថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៨ ពីបទ​លួចរក្សាទុក ចែកចាយសារធាតុ​ញៀន ស្ថិតនៅចំណុចភូមិត្រពាំងសង្កែខាងលិច ឃំុកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដកហូតបាន​ថ្នាំញៀន​សរុបចំនួន៤១កញ្ចប់​ (ក្នុងនោះធំ២៥កញ្ចប់) ស្មេីនិង ១០៨.៨៤ក្រាម។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ ​បាន​អោយដឹង​ថា​ដោយ​មានការចង្អុល បង្ហាញ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាកា​រ កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះវិហារផងនោះ កម្លាំង​កង​អាវុធហត្ថ​ស្រុកជាំក្សាន្តចំនួន៩នាក់​​ ដឹកនាំ​កម្លាំង​ដោយ​លោកវរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាកា​រ កងរាជអាវុធហត្ថ​ស្រុកជាំក្សាន្ត ក្រោម​កា​សម្របសម្រួល​ពី​លោក ទី សុវណ្ណថាល់ ព្រះរាជ​អ​ជ្ញា សាលាដំបូង​ខេត្ត​ព្រះវិហារ បាន​ឆ្មក់​ទៅ​បង្ក្រាបបាន​មុខសញ្ញាចែកចាយ នឹងរក្សាទុកសារធាតុញៀនបានចំនួន​១នាក់​ និងធ្វេីការឆែកឆេលំនៅដ្ឋាន ដកហូត​បាន​ថ្នាំញៀនប្រភេទម្សៅក្រាមសថ្លា(ម៉ាទឹកកក) ​​ចំនួន​៤១កញ្ចប់​ ក្នុងនោះធំ២៥កញ្ចប់ រួមទាំងវត្ថុតាងមួយចំនួនរួមមាន÷លុយខ្មែរចំនួន១០០០០០០៛(មួយលានរៀល) ទូរសព្ទដៃ ១គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន២ រថយន្តម៉ាកNAVARA ពាក់ស្លាកលេខ ភ្នំពេញ.២AQ.៩៣.៧៦ ១គ្រឿង រួមទាំងសម្ភារៈសម្រាប់ជក់និងវេចខ្ចប់មួយចំនួនទៀតផងដែរ។

លោកអនុសេនីយ៍ឯកបន្តថា ជនសង្ស័យដែលកម្លាំងឃាត់បានមានឈ្មោះ ​ម៉ាត់ បូរះ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិ ឃុំ កេីតហេតុខាងលេី។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា បានបញ្ជាក់អោយដឹងផងដែរថា​ បច្ចុប្បន្នជនសង្ស័យ ​រួម​នឹង​វត្ថុតាង​ខាងលើ​ ត្រូវបាន​​​កម្លាំងជំនាញកងរាជអាវុធហត្ថ​ស្រុក​ កំពុងរៀបចំក៍សាងសំុនុំរឿងបញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្តចាត់ការ​បន្ត​ទៅ​តាម​និតិ​វិធី​នៃ​ច្បាប់៕​ សួនលីណា