ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុនិងក្រុមការងារគណបក្សប្រជាជនថ្នាក់់ខេត្តចុះជួយស្រុកព្រៃនប់បានចុះប្រគល់ផ្ទះ ជូនគ្រួសារពលរដ្ឋទីទ័លក្រនៅឃុំជើងគោ ស្រុកព្រៃនប់

0

ខេត្ដព្រះសីហនុ៖
ព្រឹកពុធ១៤កើត ឆ្នាំរកា ពស២៥៦១ត្រូវនឹង ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុនិងក្រុមការងារគណបក្សប្រជាជនថ្នាក់់ខេត្តចុះជួយឃុំជើងគោស្រុកព្រៃនប់ បានចុះប្រគល់ផ្ទះ អណ្តូងទឹកនិងបង្គន់អនាម័យរួមទាំងសម្ភារប្រើប្រាស់និងថវិកាមួយចំនួនផង ជូនគ្រួសារពលរដ្ឋទីទ័លក្រខ្វះជម្រកសមរម្យ នៅឃុំជើងគោ ស្រុកព្រៃនប់ចំនួនពីរគ្រួសារ។

ក្នុងឱកាសនេះដែរ ឯកឧត្តម យន្ត មីន មានប្រសាសន៍ ផ្ដាំផ្ញើរអោយអាជ្ញាធរមូលដ្ឋានត្រូវជួួយប្រជាជននិងយល់ពីសុខទុក្ខប្រចាំថ្ងៃរបស់បងប្អូនពលរដ្ឋក្នុងដែនដីរបស់ខ្លួនគ្រប់គ្រងអោយបានល្អជាប្រចាំនិងបានជំរុញឲ្យមន្ត្រី តាមមូលដ្ឋានត្រូវត្រៀមលក្ខណៈដើម្បីចាំជួយសង្រ្គោះប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។

គ្រួសារទាំងពីរដែលទទួលបានអំណោយនេះបានសំដែងអំណរគុណ ឯកឧត្តម យន្ត មីន និងក្រុមការងារដែលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋជួបការលំបាកដូចជាពួកគាត់នៅតាមទីជនបទនេះ។

លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរមន្ទីរបរិស្ថានខេត្តព្រះសីហនុនិងជាប្រធានក្រុមការងារគណបក្សប្រជាជនថ្នាក់ខេត្តចុះជួយស្រុកព្រៃនប់បានអោយដឹងថាក្រៅពីផ្ទះទាំងពីរខ្នងនេះដែរក្រុមការងារក៍បានត្រៀមសង់ផ្ទះចំនួនបីខ្នងផ្សេងទៀតជូនប្រជាជនក្រីក្រក្នុងមូលដ្ឋានឃុំជើងគោ។
ជាមួយគ្នានេះ ឯកឧត្តមយន្ត មីន ក៏បានចង្អុលបង្ហាញអោយក្រុមការងារចាត់ចែងជួសជុលផ្លូវលំក្រាលក្រួសក្រហមកាត់តាមភូមិពលរដ្ឋប្រវែង៤១២មនិងត្រៀម៩០០មថែមទៀតសំរាប់សម្រួលការលំបាកជូនប្រជាជនទូទៅក្នុងមូលដ្ឋាននេះ។
លោក សាមុត សុធារិទ្ធ បន្តថា៖
ក្រុមការងារនឹងខិតខំបន្តទៀតដើម្បីជួយសម្រួលនូវការលំបាករបស់ប្រជាជន។

សូមបញ្ជាក់ថាគ្រួសារដែលបានទទួលអំណោយខាងលើនេះ
ទី១ មានឈ្មោះ ង៉ែត ណៃ ជាជនពិការជើង(ខ្វិនជើង) មាន
ប្រពន្ធឈ្មោះ សយ ធឿន មានកូនចំនួន៣នាក់ រស់នៅភូមិត្រពាំងគា ឃំុជើងគោ ស្រុកព្រៃនប់។
គ្រួសារទី២ ឈ្មោះ រស់ ហឿន (ស្ត្រីមេម៉ាយ) នៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់។
ក្រៅពីគ្រួសារទាំងពីរខាងលើ
ឯកឧត្តម យន្ត មីន ក៍បានផ្ដល់ជូននូវថវិកាផ្ទាល់ខ្លួន ឧបត្ថម្ភស្ត្រីដែលមានផ្ទៃពោះនិងប្រជាពលរដ្ឋ ជនចាស់ជរាមួយចំនួនទៀតផងដែរ៕