តំបន់ព្រៃភ្នំការពាររបស់សហគមន៍ឃុំតឺន កំពុងរងនូវការកាប់បំផ្លិចបំផ្លាញយកឈើគ្រប់ប្រភេទឲ្យឈ្មួញកណ្តាលដាក់ចូលក្រុមហ៊ុន

0

ខេត្តរតនគិរី÷ តំបន់ការពាររក្សាទុករបស់សហគមន៍ឃុំតឺនជាង១០០០ហិកតា ដែលបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃ រួមនិងតំបន់ព្រៃភ្នំរក្សាទុកនៅក្នុងសហគមន៍ឃុំតឺន ស្រុកកូនមុំ ដូចជាភ្នំត្រពាំងក្រែក ភ្នំយក្ខណាងនិងភ្នំជាច្រើនទៀតផងដែរ កំពុងតែរងនូវការកាប់បំផ្លិចបំផ្លាញពីសំណាក់ជនខិលខូចដើម្បីយកទៅលក់ឲ្យឈ្មួញកណ្តាលដែលបានដាក់បារ៉ាសស្ទាក់ចាំទិញយកចំណេញយកទៅលក់ឲ្យក្រុមហ៊ុនបន្ត ។
បើតាមសេចក្តីរាយការណ៍ពីសហគមន៍ឃុំតឺនបានឲ្យដឹងថា ពួកគេបានដាក់ម៉ាស៊ីនត្រង់ស៊ីន័រ១០គ្រឿងចូលទៅអារយកឈើដែលមានមុខកាត់២x២តឹកឡើងទៅដូចជាឈើផ្ចឹក សុក្រំ ឈ្លីក ខ្វាវ ជាដើម អារឡំាជាបួនជ្រុងរួចដឹកតាមរថយន្តកន្ត្រៃរាប់សិបគ្រឿងលាន់លឺរំពងពេញព្រៃ មកលក់ពាក់កណ្តាលផ្លូវក្នុងព្រៃកន្លែងអូរវាលមួយកន្លែង ឲ្យក្រុមឈ្មួញកណ្តាល់២នាក់ដែលមានឥទ្ធពលក្នុងតម្លៃថោក ហើយបើហ៊ានដឹកវៀងឫមិនលក់ឲ្យពួកគេនិងចាប់ ឫលែងបានរកស៊ីនៅក្នុងតំបន់នោះទៀតហើយ ។
ក្រុមសហគមន៍ឃុំតឺនបានលើកឡើងទៀតថា ព្រៃទាំងអស់នេះត្រូវពួកគាត់ខិតខំថែរក្សាទុកសំរាប់ជាជំរកសត្វព្រៃ និងសំរាប់ធ្វើជាសំណងលំនៅដ្ឋាន បំរើឲ្យផលប្រយោជន៍ក្នុងសហគមន៍ឃុំតឺនទាំងមូល ប៉ុន្តែឥឡូវពួកជនខិលខូចទាំងនោះចូលកាប់ដឹកជញ្ជូនតាមរថយន្តកន្ត្រៃទាំងយប់ទាំងថ្ងៃ ហើយអាចឈានទៅកាប់បំផ្លាញ់ព្រៃឈើសហគមន៍ និងព្រៃភ្នំនៅក្នុងឃុំតឺនក្នុងពេលដ៏ខ្លីខាងមុខនេះ ។
ពួកគាត់សំណូមពរឲ្យអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធជួយចាត់វិធានការទប់ស្កាត់ករណីកាប់និងដឹកជញ្ជូនឈើនៅសហគមន៍ឃុំតឺនរបស់ពួកគាត់នេះផង ។

ទាក់ទិនបញ្ហាខាងលើនេះ លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់នឹងនេសាទ មិនអាចសុំការបំភ្លឺបានទេ ៕ យក្ខឡោម