ប្រតិភូខេត្តជាំងស៊ូប្រទេសចិន ជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយអភិបាលខេត្តព្រះសីហនុ ស្តីពីការគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការបង្កើតខេត្តសម្ពន្ធ័មេត្រីភាពជាមួយគ្នា

0

ព្រះសីហនុ÷ថ្លែងក្នុងជំនួបមួយ នាថ្ងៃ 9 រោចខែផល្គុនឆ្នាំរកា នប្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃ ទី ១០ ខែមីនាឆ្នាំ ២០១៨លោក. Huang Xi Qiang អនុប្រធានមន្ទីរការបរទេសខេត្តជាំងស៊ូ បានបញ្ជាក់ ប្រាក់ថ្នាក់ដឹកនាំខេត្តព្រះសីហនុថា រដ្ឋាភិបាលចិនបានអនុញ្ញាតឱ្យខេត្ត ជាំងស៊ូចុះកិច្ចព្រមព្រៀងជាខេត្តសម្ពន្ធ័មេត្រីភាពជាមួយខេត្តព្រះសីហនុតបតាមការស្នើនាពេលកន្លងមក។ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះនឹងធ្វើនៅពេលខាងមុខ។
តែយ៉ាងណា លោក Huang Xi Qiang មិនទាន់បានបញ្ជាក់នូវពេលលវេលាជាក់លាក់ណាមួយក្នុងការរៀបចំកម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅឡើយទេ។
ប្រតិភូខេត្តជាំងស៊ូមានរំពឹងថាតាមរយៈកិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យខេត្តទាំងពីរកាន់តែមានទំនាក់ទំនងជាមួយគ្នាកាន់តែប្រសើរឡើងដើម្បីជំរុញការវិនិយោគនៅខេត្តព្រះសីហនុបានកាន់តែខ្លាំងឡើងថែមទៀត។
ក្នុងឱកាសនេះដែរលោក Huang Xi Qiang បានស្នើឲ្យខេត្តព្រះសីហនុ មេត្តាជួយមើលថែតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុអោយបានល្អផងព្រោះវាជាស្ពានដ៏សំខាន់ក្នុងការទំនាក់ទំនងវិនិយោគិនមកបណ្តាក់ទុននៅខេត្តព្រះសីហនុ។ក្នុងនោះខេត្តជាំងស៊ូ ក៏គ្រោងនឹងជួយខេត្តព្រះសីហនុនូវវិស័យមួយចំនួនផងដែររួមមាន ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្ដល់សេវាសុខាភិបាលជូនពលរដ្ឋ និងកសិកម្មជាដើម។
លោក Huang Xi Qiang បានសំដែងនូវការគាំទ្រទាំងស្រុងចំពោះរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនដែលបានធ្វើឲ្យកម្ពុជានិងចិនកាន់តែមានទំនាក់ទំនងល្អនិងរឹងមាំខ្លាំងឡើងជាលំដាប់ហើយដែលជាកត្តាមួយជំរុញឲ្យខេត្តព្រះសីហនុ មានកាសក្នុងការវិនិយោគនិងអភិវឌ្ឍន៏ជឿនលឿនជាលំដាប់។
ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសំដែងការស្វាគមន៍ចំពោះគណៈប្រតិភូខេត្តជាំងស៊ូដែលបានអញ្ជើញមកជួបពិភាក្សាស្ដីពីការគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតខេត្តសម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុ។
ចំពោះសំណូមពររបស់គណៈប្រតិភូខេត្តជាំងស៊ូ ជុំវិញបញ្ហាការពារ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន លោកបានគូសបញ្ជាក់ថានឹងធានាការពារយ៉ាងគត់មត់ចំពោះតំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុសូមកុំមានការព្រួយបារម្ភ។
ឯកឧត្តមយន្តមីនក៏បានសម្ដែងការសាទរចំពោះខេត្តជាំងស៊ូ រហូតមានការសំរេចពីរដ្ឋាភិបាលចិនក្នុងការបង្កើតឲ្យមានកិច្ចព្រមព្រៀងបង្កើតខេត្តសម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុនាពេលនេះ។
តាមរយៈជំនួបនេះដែរភាគីទាំងពីរបានប្ដេជ្ញាចិត្តរួមគ្នាថានឹងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំងពីរអោយបានកាន់តែប្រសើរដើម្បីជំរុញការវិនិយោគនៅខេត្តព្រះសីហនុអោយមានភាពរីកចម្រើនជឿនលឿនថែមទៀតនៅថ្ងៃអនាគត៕