ឧត្តមសេនីយ៍ត្រី សោម ស៊ុន ចុះសួរសុខទុក្ខអតីតយុទ្ធជនដែលជួបនូវគ្រោះផ្ទួនៗធ្វើឲ្យជីវភាពលំបាក

0

ខេត្តកំពង់ធំៈ អតីតយុទ្ឋជនពិការឈ្មោះ​ គង់​ សំបូរ​ ដែលមានជីវភាពលំបាក ដោយសារតែជីវិតជួបនិងគ្រោះ ចំនួន២ដំណាក់កាល តែទោះបីជាជីវិតជួបនូវរឿងរ៉ាវដ៏ធំធេងនេះ ក៏លោក គង់ សំបូរ នៅតែតស៊ូជីវិត ជំនះឧបស័គ្គគ្រប់យ៉ាងដើម្បីចិញ្ចឹមកូនគាត់ទាំង៥នាក់ ដោយត្រដាប់ត្រដួស ក្រោយពីភរិយាគាត់បានស្លាប់ ចោលទៅ ។

ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីត​យុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយ​អាជ្ញា​ធរ​ដែនដី​ភូមិ​ ឃុំ ចុះសួរសុខទុក្ខលោក គង់​ សំបូរ​ ដែលជាអតីតយុទ្ធជនពិការ នៅល្ងាចថ្ងៃ​ទី​១៣​ ខែ​មីនា​ ឆ្នាំ​២០១៨​ ដែលជាអ្នកតស៊ូមួយរូប និងមានស្នា ដៃក្នុងការបំរើជាតិមាតុភូមិ នាំសន្តិភាពជូនប្រជាជាតិខ្មែររហូតមកដល់ពេលនេះ។

លោក គង់ សំបូរ អាយុ​៦៥​ឆ្នាំ​ធ្លាប់​បាន​ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​នៅ​ថ្ងៃទី​១៥​ខែ​មិនា​ ឆ្នាំ​១៩៧៩​ នៅ​ក្នុង​វរសេនាតូច​លេខ​៧​ វរសេធំលេខ២​  ក្រោម​ការ​ដឹកនាំ​របស់​សមមិត្ត​ព្រំ​ ថាវ​ (អតីត​អនុប្រធាន​អគ្គសេនាធិការក្នុងសម័យរដ្ឋកម្ពុជា)​គង់​ សំបូរ​ ត្រូវ​របួស​នៅ​សមរភូមិ​តំបន់​កូន​ដំរី​ ក្នុង​ទឹក​ដីប៉ៃលិន​ នៅ​ឆ្នាំ​១៩៩៤​  គាត់​​មាន​ភរិយា​ឈ្មោះ​អាន​ សុខា​ មាន​ជំងឺ​ហើយ​ទទួល​មរណភាព​ចោល​គាត់​ ។

លោក គង់ សំបូរ បានឲ្យដឹងថា លោកបាន​ព្យាយាម​ព្យាបាល​ជំងឺ​ភរិយា​គាត់​រហូត​ដល់​លក់ផ្ទះ​ និង​លក់ដី​ និង​ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​មានកន្លងមក ទីបំផុតភរិយាបានស្លាប់ចោលគាត់  មិនតែប៉ុណ្ណោះ​ភ្លើងបាន​ឆេះ​ផ្ទះ​អស់រលីង  បន្ទាប់មក​ខ្យល់​កន្ត្រាក់​ផ្តួល​រំលំផ្ទះគាត់ បច្ចុប្បន្ន​គាត់​មាន​​កូន​ចំនួន​៥នាក់​នៅ​ក្នុង​បន្ទុក​ ​មានមុខរបរនេសាទត្រី​ ដើម្បីដោះស្រាយជីវភាពគ្រួសារ​ រស់​នៅ​​ភូមិ​ខ្សាច់​ជីរស់​ ឃុំ​កំពង់​គោ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ។

ក្នុង​ឱកាស​នៃការចុះ​សួរ​សុខទុក្ខ  ក្រុម​ការងារ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ​ បាន​ឧបត្ថម្ភ​ជូន​គាត់​នូវ​អង្ករ​ចំនួន​ ៥០​ គីឡូ​ក្រាម​ មីយើង​២កេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ពីរយួរ​ មុងជ្រលក់ថ្នាំ​ចំនួន​៣​ ថ្នាំពេទ្យ​មួយ​ចំនួន​ និង​ថវិកា​ចំនួន​១០០,០០០​ រៀល​  ឯកឧត្តម សោម ស៊ុន បានកោតសរសើរ ចំពោះការតស៊ូជំនះនូវឧបស័គ្គ​ទាំងឡាយទោះជាខ្លួនពិការ តែមិនពិការចិត្ត តស៊ូនេសាទត្រី យកប្រាក់ចិញ្ចឹមកូនទាំង៥នាក់  ដោយមិនយក​ភាពពិការនេះផ្តល់ជាភាររបស់សង្គម ។ដោយ  ប៊ុន  រដ្ឋា