កម្លាំងនគរបាលបង្ក្រាប មេជួញដូរគ្រឿងញៀន ជនជាតិឡាវម្នាក់ទៀត នៅតាមព្រំដែន ក្នុងខេត្តព្រះវិហារ ដកហូតថ្នាំញៀន៥គីឡូក្រាម!

0

ព្រះវិហារ៖ មេជួញដូរគ្រឿងញៀនជនជាតិឡាវម្នាក់ទៀត រួមជាមួយថ្នាំញៀនប្រភេទម្ស៉ៅ និងគ្រាប់ប្រមាណ៥គីឡូក្រាម ត្រូវបានកម្លាំងនគរបាល បង្ក្រាបនៅចំណុចព្រំដែន ឈមគ្នារវាងស្រុកឆែប ខេត្តព្រះវិហារ និងស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ។ប្រតិបត្តិការតាមបង្ក្រាបមេជួញដូរគ្រឿងញៀន ជនជាតិឡាវរូបនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ដោយសហការជាមួយកម្លាំងនគរបាលខេត្តព្រះវិហារ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។លោក យិន បញ្ញារិទ្ធ ប្រធានការិយាល័យ​ «ក៩» នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបណ្ដាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា ជនល្មើសជនជាតិឡាវ ឈ្មោះ ប៊ី គិនខាន់ចាន់ថា ហៅ ស៊ីយង់ អាយុ៣៤ឆ្នាំ ទីលំនៅភូមិគីឡូលេខ១៤ ស្រុកបាចៀង ក្រុងប៉ាក់សេ ខេត្តចំប៉ាសាក់ ត្រូវបានចាប់ខ្លួននៅចំណុចកំពង់ស្រឡៅ ព្រំដែននៃប្រទេសទាំង២ ក្នុងខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ ដោយដកហូតថ្នាំញៀនមេតំហេ្វតាមីន គ្រាប់ WY ចំនួន១ម៉ឺនគ្រាប់ ស្មើនឹង១គីឡូក្រាម និងមេតំហ្វេតាមីន ICE ទម្ងន់៤គីឡូក្រាម។

នាយរិយាល័យរូបនេះ បានបញ្ជាក់ថា ទម្រាំបង្ក្រាបបានមេជួញដូរគ្រឿងញៀន ជនជាតិឡាវរូបនេះ កម្លាំងប្រតិបត្ដិការបានធ្វើការតាមដាន និងស៊ើបអង្កេត អស់រយៈពេល១ខែមកហើយ និងមុនការចាប់ខ្លួននៅថ្ងៃនេះ កម្លាំងសមត្ថកិច្ចបានដេក និងពួនស្ទាក់នៅក្នុងព្រៃទាំងយប់ ទាំងថ្ងៃរយៈពេល២-៣ថ្ងៃមកហើយ។

បច្ចុប្បន្នជន​សង្ស័យ រួមនិងវត្ថុតាងកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់វិធានការតាមផ្លូវច្បាប់។សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការឈានទៅដល់ការចាប់ខ្លួន មេក្លោងជួញដូរគ្រឿងញៀនដ៏ធំម្នាក់ផងដែរ ជាជនជាតិឡាវ នៅខេត្តស្ទឹងត្រែង ដោយរឹបអូសថ្នាំញៀនប្រមាណ៣០គីឡូក្រាម។

ជនសង្ស័យឈ្មោះ កុប គីរីប៉ាត់ ភេទប្រុស ជនជាតិឡាវ អាយុ៤៣ឆ្នាំ ទីលំនៅភូមិថាំងឃុក ស្រុក-ខេត្តចំប៉ាសាក់ ដោយចាប់យកវត្ថុតាង៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ៣០កញ្ចប់ ទម្ងន់ប្រមាណ៣០គីឡូក្រាម ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនផងដែរ៕