មេព្រៃចាប់ឈើល្មើសច្បាប់២ម៉ែត្រគូបដែលឈ្មួញដឹកយកលក់ឲ្យសណ្ឋាគារផ្កាយ៥ក្នុងក្រុងសៀមរាប

0

សៀមរាប៖ ឈើប្រភេទលេខ១ខុសច្បាប់ចំនួន២ម៉ែត្រគូប ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបស្ទាក់ចាប់អូស យកទៅរក្សាទុក ដើម្បីអនុវត្តច្បាប់បង់ពិន័យ ខណៈឈ្មួញបានដឹកជញ្ជូនពីខេត្តព្រះវិហារមកស្តុកក្នុងផ្ទះ ហើយបំរ៉ុងដឹកមកលក់ឲ្យសណ្ឋាគារផ្កាយ៥ក្នុងក្រុងសៀមរាប ដែលគេល្បីជាយូរមកហើយថា ជាអ្នកទទួលទិញឈើខុសច្បាប់គ្រប់ប្រភេទ ហេតុការណ៍ឃាត់រ៉ម៉កឈើនេះធ្វើឡើងកាលពីវេលាម៉ោង១៥រសៀលថ្ងៃទី១៤ខែមីនា ឆ្នាំ២០១៨ នៅម្តុំខាងលិចវត្តត្រាំនាគ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា ឈើទាំងនោះបានរឹបអូសពីផ្ទះឈ្មួញម្នាក់នៅម្តុំខាងលិចវត្តត្រាំនាគ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ខណៈពួកគេបំរ៉ុងដឹកជញ្ជូនយកទៅលក់តាមបណ្តាដេប៉ូក្នុងក្រុង។ ឈើទាំងនោះជាប្រភេទឈើឈ្លីក (ឈើលេខ១)។សមត្ថកិច្ចនៅមិនទាន់បានរាប់ចំនួនពិតប្រាកដនៅឡើយទេ តែអាចប៉ាន់ប្រមាណថា ២ម៉ែត្រគូប។ លោកបន្តថា យើងនៅមិនទាន់បានស្គាល់ឈ្មោះម្ចាស់នៅទេ តែឈើទាំងនេះនឹងទុករយៈពេល៣០ថ្ងៃ ដើម្បីឲ្យម្ចាស់ចូលខ្លួនបង់ពិន័យជាអន្តរកាល(មួយគុណបី)នៃតំលៃទីផ្សារ។ តែបើម្ចាស់មិនចូលខ្លួនទេ និងបញ្ជូនទៅតុលាការក្រោយរយៈពេល៣០គិតពីថ្ងៃដែលចាប់បាន។
ប្រភពពីពលរដ្ឋកន្លែងកើតហេតុបានឲ្យដឹងថា ឈើដែលសមត្ថកិច្ចចាប់នោះ ម្ចាស់ឈ្មោះ ថា ឈ្មួញរូបនេះរកស៊ីដឹកឈើ ពីខេត្តព្រះវិហារមកសៀមរាប ជាង១០ឆ្នាំមកហើយ។ នេះជាលើកទី១ហើយដែលសមត្ថកិច្ចធ្លោយទៅបង្ក្រាប តាមពិតពុំមែនជាមុខសញ្ញាដែលត្រូវបង្ក្រាបនោះឡើយ។ តែជាមុខសញ្ញាខាងចិញ្ចឹមឆ្នាំង របស់ក្រុមសមត្ថកិច្ចទៅវិញទេ។ប្រភពបន្តថា ម្ចាស់ឈើឈ្មោះ ថា បានដឹកឈើទាំងនោះយកទៅលក់ឲ្យម្ចាស់សណ្ឋាគារលំដាប់ផ្កាយ៥មួយនៅម្តុំបេនឡានចុងកៅស៊ូ ក្នុងក្រុងសៀមរាប។
សូមបញ្ជាក់ថា ជំនួញព្រៃឈើសម្រាប់នាំយកមកកាន់ខេត្តសៀមរាប បានកំពុងតែមាសន្ទុសជាថ្មីយ៉ាងខ្លាំង បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយៈដ៍ខ្លី។ ពួកក្រុមឈ្មួញបានផ្លាស់ប្តូររូបភាពផ្សេងៗ ពីការដឹកជញ្ជូនដោយរថយន្តប្រភេទកាមរី មកដឹកតាមរថយន្តប្រភេទរ៉ម៉កធំៗវិញម្តង។ ដោយការដឹករបៀបនេះ អាចបំភ័ន្ត ភ្នែកប្រជាពលរដ្ឋ តែមិនអាចបំភ័ន្តភ្នែកសមត្ថកិច្ចជំនាញព្រៃឈើបាននោះទេ។ ពលរដ្ឋចង់ឃើញការបង្ក្រាបរបស់ក្រុមសមត្ថកិច្ច ជាជាងសមត្ថកិច្ចសម្ងំដេកប្រមូលលុយ បើនៅតែបណ្តែតបណ្តោយបែបនេះ ព្រៃឈើក៏ងាយនឹងរលាយអស់ដូចដែរ។គេទន្ទឹងរង់ចាំមើលថាតើ? លោករដ្ឋមន្ត្រីក្រសួងកសិកម្មអាចមានវិធានបែបណាក្នុងការបង្ក្រាបក្រុមឈ្មួញទាំងនេះ ៕