ដោយសារប្រព័ន្ធភ្លើងរថយន្ត បង្កឆេះអស់ចំនួន២គ្រឿងនៅក្រុងសិរីសោភ័ណនិងស្រុកព្រះនេត្រព្រះ

0

បន្ទាយមានជ័យ :ដោយសារបច្ចេកទេសប្រព័ន្ធចរន្តភ្លើងរថយន្ត ទើបបង្កអោយឆេះអស់ចំនួន២គ្រឿងនៅក្រុងសិរីសោភ័ណនិងស្រុកព្រះនេត្រព្រះក្នុង២ថ្ងៃជាប់គ្នាកន្លងមក។
ករណីទី១- កើតឡើងនៅវម៉ោង ៥ល្ងាចថ្ងៃ ទី១៤ ខែមីនា ឆ្នាំ២០១៨នៅលើកំណាត់ផ្លូវជាតិលេខ៦ស្ថិតក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងករណីទី២ កើតឡើងនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៥ខែមីនាឆ្នាំ២០១៨ ។
លោកវរសេនីយ៍ សុីន រ៉ាសុី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះឲ្យដឹងថា៖ រថយន្តដែលរងនូងនូវការខូចខាត ម៉ាកតូយ៉ូតាកាមរី សេរី ៩៣ ពណ៌សំបកឪ​ឡឹក ដាក់ប្រព័ន្ធហ្គាស ពាក់ស្លាកលេខភ្នំពេញ2E.5208 កំពុងបើកបរនៅលើកំណាត់ផ្លូវជាតិលេខ៦ស្ថិតក្នុងភូមិ ឃុំដូចខាងលើ ក៏បង្កជារឆាបឆេះយ៉ាងសន្ធោរសន្ធៅឡើង ប៉ុន្តែគ្មានអ្នកបើកបរ អ្នករួមដំណើរនិងអ្នកដំណើរ រងរបួសឬស្លាប់ឡើយ ។
​អ្នកបើកបររថយន្តឈ្មោះម៉ក់ សំអុល ភេទប្រុសអា​យុ៥២ឆ្នាំរស់នៅភូមិ២សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនិងអ្នករួមដំណើរ បានរត់ចេញពីរថយន្តនោះទាន់ ។
​ដោយឡែកនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ រថយន្តម៉ាកឡុចស៊ីស ពណ៌ស្ករ គ្មានស្លាកលេខ ត្រូវបានឆាបឆេះ ខណៈពេលអ្នកបើកបរយករថយន្តមកសប់កង់ នៅជិតមន្ទីរនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
អ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុនិយាយថា គេឃើញមានផ្សែងឆេះហុយនៅផ្នែកម៉ាស៊ីន ដែលបង្កពីបច្ចេកទេសប្រព័ន្ធភ្លើង។
ពលរដ្ខនៅម្តុំទីនោះបានជួយយកបំពង់ឧស្ម័នពន្លត់អគ្គីភ័យបាញ់ ហើយក៏មានរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលបាលខេត្តបន្ទាយមានជ័យទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ ។
ឯម្ចាស់និងជាអ្នកបើកបររថយន្តជាមន្ត្រីកងរាជអាវុធហត្ថដែលមិនគ្រោះថ្នាក់ មិនព្រមប្រាប់ពីមូលហេតុនៃការឆេះរថយន្តនេះ ក៏មិនព្រមប្រាប់អត្តសញ្ញាណផងដែរ ។
សូមរំលឹកថា នាឆ្នាំកន្លងមកនៅខេត្តបន្ទាយមានជ័យក៏មានករណីឆ្លងចរន្តក្នុងប្រព័ន្ធចរន្តអគ្គីសនីរថយន្តនិងករណីរថយន្តគ្រោះថ្នាក់ចរាចរណ៍ ហើយឆាបឆេះផងដែរ៕ដោយ៖ឃិន គន្ធា