ប្រធានអាជ្ញាធរជាតិអប្សរាសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុអគ្គីភ័យនៃសាលមហោស្រពអង្គរ និងសន្យាជ្រោមជ្រែងតាមលទ្ធភាពក្នុងការជួសជុលឡើងវិញ

0

សៀមរាប​:  រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា ឆ្លៀតក្នុងឱកាសមកបំពេញភារកិច្ចនៅខេត្តសៀមរាប បានអញ្ជើញទៅពិនិត្យសាលមហោស្រពអង្គរ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ។ការអញ្ជើញទៅពិនិត្យសាលមហោស្រពអង្គរនេះ ធ្វើឡើងបន្ទាប់ពីសាលមហោស្រពដ៏ធំ ដែលបានបង្ហាញទស្សនីយភាពដ៏អស្ចារ្យនៃអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរមួយនេះ ទើបតែត្រូវអគ្គីសនីឆាបឆេះកាលពីថ្ងៃទី១៦ ខែមីនា ម្សិលមិញ។

ជាមួយគ្នានឹងការចុះពិនិត្យ លោកជំទាវរដ្ឋមន្ត្រីក៏បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ព្រមទាំងសន្យាជួយជ្រោមតាមលទ្ធភាពគ្រប់យ៉ាង ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីឲ្យសាលមហោស្រពនេះអាចមានលទ្ធភាពសម្តែងឡើងវិញនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យទាំងនោះ។

សាលមហោស្រពអង្គរ ត្រូវបានសាងសង់ដោយគម្រោងវិនិយោគរួមគ្នារវាងអ្នកវិនិយោគចិន និងវិនិយោគក្នុងស្រុក ដែលមានទីតាំងនៅជាប់បុរីប្រិមប្រិយខេត្តសៀមរាប។ សាលមហោស្រពនេះទើបតែដាក់សម្ពោធប្រើប្រាស់ជាផ្លូវការកាលពីខែតុលា ឆ្នាំ២០១៧កន្លងទៅ និងត្រូវបានឆាបឆេះដោយគ្រោះអគ្គីភ័យនៅព្រឹកព្រលឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ៕