លោកជំទាវ ពុំ ចន្ទីនី សម្ភោធវអណ្តូងទឹកស្អាតចំនួន១២ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋស្រុកឆែប 

0

(ព្រះវិហារ)៖ អណ្តូងទឹកស្អាត ដែលជាប្រភេទអណ្តូងស្នប់ចំនួន១២ នៅស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានធ្វើពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមវត្តមានរបស់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិបណ្ឌិតព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

នៅក្នុងឱកាសនោះលោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងគិតគូរជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ៗរូប ពិសេសបងប្អូនដែលមានជីវភាពក្រលំបាក។ តួយ៉ាងដូចជា បងប្អូនរស់នៅស្រុកឆែប ខេត្តព្រះវិហារ ដែលខ្វះខាតទឹកស្អាត សម្រាប់ប្រើប្រាស់នោះ សម្តេចប្រធានបានចាត់ចែងឲ្យក្រុមការងារចុះសិក្សាស្រាវជ្រាវ ធ្វើយ៉ាងណាជីកអណ្តូងទឹកឲ្យបានច្រើនកន្លែង សម្រាប់ទុកអោយប្រជាពលរដ្ឋយើងប្រើប្រាស់។

ដោយឡែក លោកជំទាវ ចឹក ហេង អភិបាលរងខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងថា សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ទទួលបានអណ្តងស្នប់ប្រភេទអាហ្រ្វីដេស៍ ជំហ៊ាន១ ក្នុងឆ្នាំ២០១៨ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន។ ហើយអណ្តូងទឹកចំនួន១២ ដែលធ្វើពិធីសម្ភោធ នៅថ្ងៃនេះមានទីតាំងនៅឃុំឆែបមួយ ចំនួន៤អណ្តូង ឃុំសង្កែមួយ ចំនួន៤ អណ្តូង និងឃុំសង្កែពីរ ចំនួន៤អណ្តូងផងដែរ។

លោកស្រី ចឹក ហេង បានបន្តថា អណ្តូងទឹកទាំងនេះចាប់ផ្តើមកសាងឡើងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ និងត្រូវបានបញ្ចប់នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៨ ថ្មីៗនេះ។ សូមបញ្ជាក់ថា នៅក្នុងពិធីនោះក៏មានការចែកអំណោយដល់ប្រជាពលរដ្ឋដែលបានចូលរួម និងបានផ្តល់អំណោយលើកទឹក ចិត្តដល់ម្ចាស់ផ្ទះ ដែលបានបរិច្ចាគដីសម្រាប់ជីកអណ្តូងនេះផងដែរ៕សួនលីណា