ពលរដ្ឋ៣០០គ្រួសារមកពី៦ឃំុនៅស្រុកលំផាត់ទទួលអណ្តូងទឹកស្អាតពីសម្តេចកិត្តិព្រឹទ្ធបណ្តិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាចំនួន១២ អណ្តូង នៅស្រុកលំផាត់

0

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃ អង្គារ ៤កើត ខែចែត្រ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៨ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្ពោធឱ្យប្រើប្រាស់អណ្តូងទឹកស្អាត ចំនួន ១២ (មានលេខរៀងចាប់ពី ៦២ ដល់លេខរៀងទី ៧៣) ជូនប្រជាជនខ្វះខាតទឹកប្រើប្រាស់ចំនួន ៣០០ គ្រួសារ ស្មើនឹង ១,១៧២នាក់ រស់នៅក្នុងឃុំចំនួន០៦ គឺឃុំបាតាង ឃុំជ័យឧត្តម ឃុំកាឡែង ឃុំល្បាំង១ ឃុំល្បាំង២ និងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។

ឯកឧត្តម គិត ទ្រី អនុប្រធានគណៈកម្មាធិការ សាខា កក្រក ខេត្តរតនគិរី បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក្នុងនាម សម្តេច ជាឥស្សរជនឆ្នើមថ្នាក់ជាតិផ្នែកសុខភាពមាតា និងទារក បានដាក់ចេញនូវ កម្មវិធីផ្តល់អណ្តូងទឹកស្អាត ដល់សហគមន៍ទូទាំងប្រទេស ដើម្បីកាត់បន្ថយអត្រាឈឺស្លាប់ ដោយសារជំងឺឆ្លងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។

ឯកឧត្តមបន្តទៀតថា ទោះជាយ៉ាងណា ក៏សាខាខេត្ត នឹងខិតខំ អំពាវនាវដល់សប្បុរសជននានា ដើម្បីរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ជាបដិភាគ ក្នុងការផ្តល់អណ្តូងទឹកស្អាតដល់សហគមន៍ផ្សេងទៀតដែលកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់ក្នុងខេត្ត រតនគិរី។

ក្នុងឱកាសប្រគល់អណ្តូងទឹកទាំងនោះ ឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកជូនលោកយាយលោកតា និងសូមផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ពិសេសត្រូវបរិភោគទឹកដាំពុះ និងចូលរួមដាំដំណាំ ឬបន្លែផ្សេងៗនៅក្បែរអណ្តូង ដើម្បីជាប្រយោជន៍ដល់គ្រួសារ និងសហគមន៍ ហើយត្រូវថែរក្សារាល់សមិទ្ធផលទាំងនេះឱ្យបានគង់វង្សយូរអង្វែង។

លោកយាយលោកតា ដែលមកចូលរួមក្នុងពិធីសម្ពោធអណ្ដូងទឹកនេះ បានសំដែងនូវក្តីរំភើបរីករាយ ដោយបានការយកចិត្តទុកដាក់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ ហើយដែលពួកគាត់មិនពិបាកទៅរែកទឹកអូរនៅឆ្ងាយផ្ទះ ឬចំណាយថវិកាទិញទឹកគេដូចមុនទៀតឡើយ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី បានទទួលអណ្តូងទឹកស្អាតពី កក្រក សរុបចំនួន ៤៦ អណ្តូង ចាប់ពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន។ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ជូនចាស់ៗ ជាសាងរុង និងក្រមា សម្រាប់ចូលរួមក្នុងពិធីនេះ ប្រមាណជា ៥០ នាក់ផងដែរ៕ យក្ខឡោម