ប៉ូលិស ឆ្មក់ចាប់ជនសង្ស័យ២នាក់ ខណៈកំពុងសម្ងំប្រើប្រាស់ថ្នាំញៀន

0

ខេត្តរតនគិរី÷ ជនសង្ស័យ២នាក់ ក្នុងចំណោម៣នាក់ ខណៈកំពុងប្រើប្រាស់ថ្នាំញៀន ត្រូវប៉ូលិសក្របួចជាប់ កាលពីវេលាម៉ោង៥៖៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតនៅក្នុងភូមិយឹន ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី ។

មន្ត្រីនគរបាលស្រុកបកែវ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីពលរដ្ឋថា មានជនសង្ស័យ៣នាក់ កំពុងប្រើប្រាស់គ្រឿងញៀន ក្រោយមកកម្លាំងអធិការក៏បានចុះទៅដល់ហើយឃាត់ខ្លួនបាន២នាក់ ម្នាក់ទៀតរត់គេចខ្លួនបាត់ ។

មន្ត្រីដដែលបន្តថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ឡញ សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតភូមិត្រពាំងថ្នល់ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ទី២-ឈ្មោះ វ៉ាន់ សុខលឹម ភេទប្រុស អាយុ៣១ឆ្នាំ ស្រុកកំណើតភូមិបែកអន្លុង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពុងចាម អ្នកទាំង២នាក់ មានទីលំនៅភូមិមួយ ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី ។

ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតសម្ភារៈមួយចំនួនរួមមាន៖ ទី១-ដាវសាំម៉ូរ៉ៃ ១ដើម, ទី២-កាំភ្លើងកែច្នៃក្លី ១ដើម, ទី៣-កាំភ្លើងកែច្នៃវែង ១ដើម, ទី៤-ម៉ូតូចំនួន ២គ្រឿង, ទី៥-ទូរស័ព្ទដៃចំនួន ៣គ្រឿង, ទី៦-ម្សៅសថ្លាសង្ស័យថ្នាំញៀន ១ថង់ធំ និង១ថង់តូច ព្រមទាំងឧបករណ៍សម្រាប់ជក់មួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកអយ្យការសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕ យក្ខឡោម