អភិបាលខេត្តតាកែវជួបសំណេះសំណាលជាមួយមន្ត្រីនៅមូលដ្ឋានស្រុកទ្រាំង ដើម្បីបង្កើនភាពស្និទ្ធស្នាល

0

តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណ: បានធ្វើការណែនាំ នឹងជម្រុញដល់សមាជិកក្រុមប្រឹក្សាឃុំ នឹងលោកមេភូមិ ត្រូវចុះជួបនឹងប្រជាពលរដ្ឋដោយផ្ទាល់ឲ្យដល់ខ្នងផ្ទះ នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យគ្រប់ក្រុមគ្រួសារ ដើម្បីបានស្វែងយល់ពីសុខទុក្ខ ក៍ដូចជាការសំណូមពររបស់ពួកគាត់ ដោយធ្វើយ៉ាងណា ត្រូវតែជួយដោះស្រាយរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ឲ្យអស់ពីលទ្ធភាព ។
អញ្ជើញចូលរួមសំណេះសំណាល និងសួរសុខទុក្ខជាមួយនឹងលោកអ៊ុ ពូ មីង ដែលជាសមាជិកក្រុមប្រឹក្សាឃុំក្នុងស្រុកទ្រាំង ខេត្តតាកែវ នៅក្នុងយុទ្ធនាការចុះសាកសួរសុខទុក្ខដល់ក្រុមប្រឹក្សាឃុំ សង្កាត់ នឹងមេភូមិទាំង១០០ឃុំ សង្កាត់ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ឡាយ វណ្ណ: អភិបាលនៃគណ:អភិបាលខេត្តតាកែវ បានបន្តថា ក្នុងនាមជាមន្រ្តីមូលដ្ឋាន ដែលទទួលបានការបោះឆ្នោតពីសំណាក់បងប្អូនប្រជាពលរដ្ឋ យើងត្រូវតែធ្វើការបម្រើសេវាសាធារណៈជូនពួកគាត់ដោយស្មោះ ពុំខ្លាចនឿយហត់នោះឡើយ ពិសេសគឺឧស្សាហ៍ទៅសាកសួរសុខទុក្ខជារៀងរាល់ថ្ងៃ ដោយក្នុង១ថ្ងៃ ក៍១គ្រួសារផងដែរ ក្នុងការសួរសុខទុក្ខនេះ ។
ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា ការចុះសាកសួរសុខទុក្ខពីសំណាក់មន្រ្តីមូលដ្ឋាន វាពិតជាធ្វើឲ្យប្រជាពលរដ្ឋ មានក្តីសង្ឃឹម និងមានភាពកក់ក្តៅ ចំពោះមន្រ្តីដែលតែងតែយកចិត្តទុកដាក់ និងដឹងពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ពិសេសគឺនឹងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ កាន់តែមានជំនឿជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។
បើតាមឯកឧត្តម ឡាយ វណ្ណៈ ឯកឧត្តមនឹងបន្តណែនាំទៅដល់ក្រុមប្រឹក្សាឃុំសង្កាត់ និងមេភូមិ ទាំងអស់នៅក្នុងខេត្តតាកែវ ឲ្យចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យដល់ខ្នងផ្ទះតែម្តង ហើយធ្វើយ៉ាងណាឲ្យការចុះសួរសុខទុក្ខនេះ ក្លាយជាទៅវប្បធម៌របស់មន្រ្តីមូលដ្ឋានទាំងអស់ ៕ តាកែវ