ប្រមុខរដ្ឋស្តីទីបញ្ជាក់ថា កម្ពុជា កំពុងឈរនៅលំដាប់ទី៥ ក្នុងតំបន់អាស៊ានទាំង១០ ប្រទេស ដែលជាប្រទេសមានប្រាក់បៀវត្សមន្រ្តីរាជការខ្ពស់ជាងគេ

0

ខេត្តរតនគិរី÷ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា ប្រទេសកម្ពុជា កំពុងឈរនៅលំដាប់ទី៥ ក្នុងតំបន់អាស៊ានទាំង១០ ប្រទេស ដែលជាប្រទេសមានប្រាក់បៀវត្សមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខ្ពស់ជាងគេ ដោយរាប់គិតចាប់តាំងពីមន្រ្តីថ្នាក់ទាបបំផុតឡើងទៅ ។

ការថ្លែងបញ្ជាក់ដូចនេះរបស់សម្តេច សាយ ឈុំ គឺបានធ្វើឡើងនៅក្នុងពិធីបញ្ចុះខ័ណ្ឌសីមាព្រះវិហារវត្តឧត្តមសាមគ្គីរតនារាម ដែលមានទីតាំងស្ថិតនៅភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី នាថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៨នេះ ។

ថ្លែងក្នុងឱកាសនោះទៀតដែរ សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក៏នៅមានគោលនយោបាយបន្ធូរបន្ថយពន្ធ គោលនយោបាយ ពិនិត្យ និងព្យាបាលជម្ងឺនៅមន្ទីរពេទ្យរដ្ឋ គោលនយោបាយធ្វើដំណើរតាមរថយន្តក្រុង ។ល។ និង ។ល។ ដែលសុទ្ធតែជាគោលនយោបាយរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយ៉ាងស្តែងបំផុត ដូច្នេះហើយទើបប្រជាពលរដ្ឋអបអរសាទរដោយភាពកក់ក្តៅ និងមានសង្ឃឹមយ៉ាងមុតមាំចំពោះអនាគតរបស់ខ្លួន និងកូនចៅជំនាន់ក្រោយ ។

ទន្ទឹមនឹងនោះ សម្តេចប្រធានព្រឹទ្ធសភា ក៏បានបញ្ជាក់អោយដឹងទៀតថា កម្ពុជាបច្ចុប្បន្ន បានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងត្រូវបានទទួលស្គាល់ថា ជាប្រទេសឯត្តទគករខាងកំណើន និងជាខ្លាសេដ្ឋកិច្ចថ្មីរបស់ទ្វីបអាស៊ី ។

ជាមួយគ្នានោះ សម្តេច សាយ ឈុំ ក៏បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលជិត ៥ ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីប្រទេសជាតិយើង ត្រូវបានថែរក្សាយ៉ាងមុតមាំនូវឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដី រក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម រួមទាំងបន្តអភិវឌ្ឍប្រទេសជាតិ ទទួលបាននូវការរីកចម្រើនប្រកបដោយចីរភាព ៕ យក្ខឡោម