អាជ្ញាធរខេត្ដសៀមរាប តម្លើងភ្លើងស្ដុបចំនួន៥ក្នុងក្រុងសៀមរាប

0

សៀមរាប: អាជ្ញាធរខេត្ដសៀមរាប បានតម្លើងបង្គោលភ្លើងស្ដុបចំនួន៥កន្លែងបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ នៅក្រុងសៀមរាប ស្របពេលដែលព្រត្ដិការអង្គរសង្ក្រាន្ដជិតឈានចូលមកដល់នៅពាក់កណ្ដាលខែមេសាខាងមុខនេះ។
លោក នួន ពុទ្ធារ៉ា នាយករដ្ឋបាលខេត្ដសៀមរាប បានមានប្រសាសន៍នៅរសៀលថ្ងៃនេះថា ភ្លើងស្ដុបចំនួន៥ទីតាំងនោះ បាននឹងកំពុងតម្លើងនៅក្នុងទីតាំងផ្សេងៗគ្នា ដោយគ្រោងបញ្ចប់ក្នុងរយៈពេល៥ថ្ងៃ គឺទី១ស្ថិតនៅផ្លូវជាតិលេខ៦ កែងផ្លូវក្រវ៉ាត់ក្រុងសៀមរាប ទី២ផ្លូវជាតិលេខ៦កែងផ្លូវ៦០ម ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម និងបីកន្លែងទៀតស្ថិតនៅជិតមន្ទីរពេទ្យកុមារគន្ធបុប្ផា ផ្លូវជាតិលេខ៦ កែងនឹងផ្លូវលោកតានឿយ និងផ្លូវរង្វង់មូលទៅព្រលានយន្ដហោះអន្ដរជាតិសៀមរាប។លោកបានបន្ដទៀតថា បង្គោលភ្លើងស្ដុបទាំង៥នេះ គឺជាបង្គោលភ្លើងស្តុបថ្មីៗ និងជាគម្រោងថវិកាសាលាខេត្ដសៀមរាបសម្រាប់ឆ្នាំ២០១៨។
លោក នួន ពុទ្ធារ៉ា បានបន្ដទៀតថា ការតម្លើងបង្គោលភ្លើងស្ដុបថ្មីៗនេះ ធ្វើអោយប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ ងាយស្រួលធ្វើចរាចរណ៍ នៅក្នុងពិធីបុណ្យជាតិផ្សេងៗ ជាពិធីបុណ្យអង្គរសង្ក្រាន្ដ ឆ្នាំ២០១៨ ដែលប្រព្រឹតទៅនាពេលឆាប់ៗខាមុខនេះ និងធ្វើទៅតាមតម្រូវការខេត្ដសៀមរាបនេះ ដែលមានកំណើនភ្ញៀវចរណ៍កើនឡើងជាបន្ដបន្ទាប់។លោកបានអំពាវនាវដល់ពលរដ្ឋអោយជឿជាក់ និងចូលរួមអភិវឌ្ឍជាមួយអាជ្ញាធរខេត្ដ ដើម្បីអោយខេត្ដទេសចរណ៍មួយនេះ កាន់តែមានភាពទាក់ទាញពីបណ្ដាប្រទេសនៅលើពិភពលោក។លោកបានបន្ថែមថា នៅក្នុងក្រុងសៀមរាប មានបង្គោលភ្លើងស្ដុបប្រមាណជាង១០បង្គោលភ្លើងស្តុប នៅក្នុងមានដាក់នៅតាមបណ្ដោយផ្លូវជាតិលេខ៦ចំនួន៦កន្លែង និងគ្រោងដាក់បន្ថែមទៀត ដោយមានការជួយឧបត្ថម្ភពីប្រទេសជប៉ុន៕