ឃាតកម្ម​​សម្លាប់​មនុស្ស​​អស់​១គ្រួសារ​ នៅ​ស្រុក​ត្បូងឃ្មុំ​ សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​លើ​ប្តី​ក្រោយ​របស់​ស្ត្រី​រងគ្រោះ​ ជា​អ្នក​ប្រព្រឹត្ត​

0

ត្បូងឃ្មុំៈ ឃាតកម្មដ៏សាហាវព្រៃផ្សៃមួយ បណ្តាលឲ្យមនុស្សមួយគ្រួសារ ៤នាក់ បានស្លាប់បាត់បង់ជីវិត ឈាមស្រោចពេញលើផ្ទះ។ហេតុការណ៍នេះ បង្ក​ឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ទាក់ទិននឹងករណីនេះ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាជំហានដំបូងថា ករណីឃាតកម្មសម្លាប់​មនុស្ស​រហូត​ដល់​ទៅ៤នាក់​ ទាំងកូនក្នុងផ្ទៃអាយុជាង២ខែម្នាក់ផងនោះ គឺអាចជាប្តីក្រោយ​របស់​ស្ត្រី​រងគ្រោះ​ជាអ្នកប្រព្រឹត្ត។
វរសេនីយ៍ តូ ឆៃលាង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្បូងឃ្មុំ​ បានឲ្យដឹងថា សពជនរងគ្រោះត្រូវបានជនល្មើស កាប់សំដៅក ស្លាប់ទាំង៣នាក់នៅលើផ្ទះតែម្តង។
ជនរងគ្រោះទី១.ឈ្មោះ ឃាង សុកលាន អាយុ៤២ឆ្នាំ ជាម្តាយ (មានកូនក្នុងផ្ទៃអាយុជាង២ខែម្នាក់ទៀត) ទី២.ឈ្មោះ ធឿន វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ កូនដើម និងទី៣.ឈ្មោះ ធឿន ធារី ភេទប្រុស អាយុ១១ឆ្នាំ។
លោកមេបញ្ជាការ​ បានឲ្យដឹងទៀតថា តាមការពិនិត្យកន្លែងសម្លាប់ គឺជនដៃដល់ទំនងជាធ្វើសកម្មភាពនៅពេលជនរងគ្រោះទាំងនោះ កំពុងដេកលង់លក់ ដោយបានកាប់សំដៅកទាំងអស់ នៅចន្លោះម៉ោងប្រហែលពី ១ ទៅ ៣ យប់ ឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨។ ក្រោយពីសម្លាប់ជនរងគ្រោះហើយ ជនសង្ស័យគឺបានប្រមូលយកទ្រព្យសម្បត្តិ​ សរុបជាទឹកប្រាក់ប្រហែលជិត១ម៉ឺនដុល្លារ រួចគេចខ្លួនបាត់។ ប៉ុន្តែសមត្ថកិច្ចទើបទទួលបានព័ត៌មានឃាតកម្មខាងលើនេះ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីស្ត្រីជាបងរបស់ស្ត្រីរងគ្រោះ​ បានទៅរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាល។
តាមការស៊ើបអង្កេតជាបឋមរបស់មន្ត្រីនគរបាល និង​មន្ត្រីកងរាជអាវុធហត្ថ​ បានសន្និដ្ឋានថា ជនសង្ស័យជាឃាតក គឺជាប្តីក្រោយរបស់ជនរងគ្រោះ ដែលមានឈ្មោះ ជ្រាំង ភូ អាយុ៤៨ឆ្នាំ ហើយក៏ជាឪពុកទារកនៅក្នុងផ្ទៃស្ត្រីជាម្តាយ មានស្រុកកំណើត នៅភូមិអកមូល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។
បច្ចុប្បន្ន សមត្ថកិច្ច នគរបាលខេត្តត្បូងឃ្មុំ ដឹកនាំបញ្ជារផ្ទាល់ដោយលោកឧត្តមសេនីយ៍ បែន រ័ត្ន បានតាមប្រមាញ់ជនសង្ស័យជិតបានហើយ៕