ប្រធានមន្ទីរទេសចរខេត្តរតនគិរី រំពឹងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ នឹងមានភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន

0

ខេត្តរតនគិរី÷ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរខេត្តរតនគិរី រំពឹងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ នឹងមានភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន ខណៈដែលសាលាខេត្តរតនគិរី កំពុងត្រៀមរៀបចំសង្ក្រានយក្ខឡោមលើកទី២។

ការរំពឹងទុកដូចនេះរបស់ លោក ង៉ែត ពិទូ បានឲ្យដឹងតាមទូរស័ព្ទកន្លងទៅថ្មីៗនេះ ថា
ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែមានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសនៅក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗតែម្តង ស្របជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្តរតនគិរី ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មានលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ និងការរីកលូតលាស់ដូចផ្សិតនូវសណ្ឋាគារទំនើបៗ ផ្ទះសំណាក់ និងភោជនីយដ្ឋានយ៉ាងសម្បូរបែប បូករួមទាំងសម្បូរទៅដោយតំបន់រមណីយដ្ឋានធម្មជាតិជាច្រើន គួរឲ្យគយគន់។

ជាមួយគ្នានេះដែរ លោក ង៉ែត ពិទូ បានសង្កត់ធ្ងន់ថា ជាមួយនឹងកំណើនដ៏ឆាប់រហ័សនៃលំហូរភ្ញៀវទេសចរមកកាន់ខេត្តរតនគិរី ឃើញថាមានការរីកចម្រើនជាបន្តបន្ទាប់នូវសម្បទាទេសចរណ៍នៅទូទាំងខេត្ត ក្នុងនោះរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលមានការគ្រប់គ្រងនឹងរៀបចំដោយសហគមន៍ បានកំពុងដំណើរការទទួលភ្ញៀវទេសចរចំនួន ៨កន្លែង ក្នុងចំណោម ១៤កន្លែង និងមានសណ្ឋាគារចំនួន ១៤កន្លែង ស្មើនឹង ៦២៥ បន្ទប់ ផ្ទះសំណាក់មានចំនួន ៣៦កន្លែង ស្មើនឹង ៥០៤ បន្ទប់ ភោជនីដ្ឋាន អាហារដ្ឋានមានចំនួន ៣៩កន្លែង និងខារ៉ាអូខេ មានចំនួន ១៣កន្លែង ។

គួរបញ្ជាក់ថា ខេត្តរតនគិរី ដែលជាខេត្តមួយ ស្ថិតក្នុងភូមិភាគឦសាន្ត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាប៉ូលសេដ្ឋកិច្ចទី ៤ បន្ទាប់ពីប៉ូលសេដ្ឋកិច្ចរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាបផងដែរ៕ យក្ខឡោម