រដ្ឋាភិបាល​ខេត្ត​កំពត​ធ្វើពិធីផ្ដល់ប័ណ្ណសរសើរ និងលិខិតសរសើរការអនុវត្តគោលនយោបាយ​ភូមិ​ឃុំ មានសុវត្ថិភាព​ដល់រដ្ឋបាល ឃុំ សង្កាត់​ ក្នុងខេត្ត

0

ខេត្តកំពត៖  រដ្ឋបាល​ខេត្តកំពត បានធ្វើ​ពិធីផ្ដល់ប័ណ្ណនិងលិខិតសរសើរដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្ត៍​នគរបាលរដ្ឋបាល​ឃុំ​សង្កាត់ទាំងចំនួន៩៣ ក្នុងការងារប្រឡងប្រណាំងការអនុវត្តគោលនយោបាយ​ភូមិឃុំមានសុវត្ថិភាពឆ្នាំ២០១៧
កន្លងទៅក្រោមអធិបតីភាពឯ​កឧត្តម ជាវ តាយ អភិបាល​នៃគណៈអភិបាលខេត្ត​។​
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាប្រឡងប្រណាំង​ការអនុវត្ត​គោលនយោបាយភូមិ ឃុំ​មានសុវត្ថិភាពខេត្តដែលអានដោយ លោក​ឧត្តម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុរិទ្ធ​ស្នងការនគរបាលខេត្តបញ្ជាក់​អោយដឹងថា​៖​លទ្ធផល ឃុំ សង្កាត់​ទាំង៩៣​ ដែលទទួល​បានចំណាត់ថ្នាក់​នៅទូទាំង​ខេត្តកំពត​ក្នុងឆ្នាំ ២០១៧​កន្លង​ទៅ​នេះ។ ​គឺប្រភេទ​លេខ១
ទទួលបានប័ណ្ណសរសើរអមដោយប្រាក់​១លានរៀល មានចំនួន​៦៤ឃុំ សង្កាត់ ប្រភេទ​លេខ២ទទួលបានលិខិតសរសើរអមដោយប្រាក់៦៥ម៉ឺនរៀល មានចំនួន១៨ឃុំ សង្កាត់ និងប្រភេទលេខ​៣ទទួលបានលិខិតសរសើរអមដោយប្រាក់ចំនួន៤៥ម៉ឺនរៀលមានចំនួន១១​ឃុំ​សង្កាត់ ដែលសរុបថវិកាអស់ចំនួន៨០លាន៦៥ម៉ឺនរៀលដែលផ្ដល់ដោយក្រសួងមហាផ្ទៃ។​
ឯកឧត្ដម ជាវ តាយ អភិបាល​នៃគណៈអភិបាលខេត្ត បានកោត​សរសើរ​ចំពោះ ថ្នាក់​ដឹកនាំ មន្ត្រី​រាជការ កងកម្លំាង​ប្រដាប់​អាវុធ សមត្ថកិច្ច​ជំនាញ អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយ​ភូមិឃុំមានសុវត្ថិភាព តាមតួនាទីនិងភារកិច្ចរៀងៗខ្លួន ប្រកប
ដោយ​ស្មារតី ទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​បង្ការ និងទប់​ស្កាត់​រាល់បញ្ហាកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកំពតកន្លងមក។​
ឯកឧត្ដម ជាវ តាយ​ក៏បាន លើកបញ្ជាក់ដែរថា៖ បើទោះ​បីកិច្ចខិតខំប្រឹងប្រែងរក្សាបាននូវសន្តិសុខ សណ្ដាប់​ធ្នាប់​ជូន​ប្រជាពលរដ្ឋក្នុងខេត្ត បានលទ្ធផលល្អប្រសើរដូចខាងលើ​នេះក៏ដោយ។​បច្ចប្បន្ន ក៏នៅតែមានបញ្ហាប្រឈមដែលយើងទាំងអស់គ្នាត្រូវតែរួមគ្នាអនុវត្តបង្ក្រាប​និងទប់ស្កាត់បន្តថែមទៀត។ ពិសេស​ពាក់ព័ន្ធ​នឹងបទល្មើសគ្រឿងញៀន​ដែលបង្កអោយមានបញ្ហាប្រឈមជាច្រើនប៉ះពាល់ដល់បុគ្គលប្រើប្រាស់ផ្ទាល់ខ្លួន សង្គមគ្រួសារ សហគមន៍ រួមនឹងសន្តិសុខសណ្ដាប់​ធ្នាប់​សាធារណៈ និងការអភិ​វឌ្ឍន៍សង្គមផងដែរ។​
ឯកឧត្ដម អភិបាល​ខេត្ត ក្នុងឱកាសនោះ​ក៏បាដាក់ចេញនូវគោលការណ៍ និងសំណូមពរមួយចំនួនដល់គណៈបញ្ជាការឯកភាពរដ្ឋបាល​ក្រុង ស្រុក ត្រូវ​បន្តដាក់ចេញនូវផែនការ គោលការណ៍ វិធានការ កម្មវិធី​ការងារ និងជម្រុញការផ្សព្វផ្សាយ គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដោយផ្សារភ្ជាប់ជាមួយការបំផុសចលនាប្រឡងប្រណាំងអោយបានទូលំទូលាយថែមទៀត ដើម្បី​អោយប្រជាពលរដ្ឋ គ្រប់ស្រទាប់ និងគ្រប់មូលដ្ឋានបាន
យល់់ដឹង​និងចូលរួមអោយបានយ៉ាងផុលផុសក្នុងការការពារសុវត្ថិភាពនៅមូលដ្ឋានរៀងៗខ្លួនផងដែរ។​