ប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី

0

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តរតនគិរី មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងលោក ថង សាវុន អភិបាលខេត្តរតនគិរី ។លោក ខាត់ សាម៉ាល់ ត្រូវបានតែងតាំងជាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជំនួសលោកស្រី ច័ន្ទ ខាំឃឿ ដែលត្រូវចូលនិវត្តន៍ ។

ក្នុងនោះដែរលោក ខាត់ សាម៉ាល់ ប្រធានមន្ទីរទើបឡើងថ្មី បានប្តេជ្ញាចិត្តថា និងធ្វើត្រចៀកឲ្យធ្ងន់ដើម្បីស្តាប់សង្កេតវិភាគត្រិៈរិៈពិចារណាមុននឹងធ្វើសកម្មភាពសម្រេចចិត្តណាមួយក៏សាងក្រុមអ្នកដឹកនាំវិស័យអប់រំរបស់ខេត្តមួយឲ្យរឹងមាំទាំងសមត្ថភាព វិជ្ជាជីវៈនិងស្មារតីដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការផ្តល់សេវានិងគុណភាពអប់រំ រាល់ច្បាប់គោលនយោបាយកម្មវិធីនិងឯកសារគតិយុទ្ធទាក់ទិននឹងវិស័យអប់រំទាំងអស់ត្រូវតែអនុវត្ត រាល់ប្រាក់១០០រៀល ឫ១ដុល្លាដែលរដ្ឋាភិបាលឫដៃគូវិនិយោគលើវិស័យអប់រំ និងទៅដល់ដៃក្រុមមនុស្សគោលដៅដែលត្រូវនិយោគនោះយ៉ាងពិតប្រាកដ។
ខិតខំសិក្សារៀនសូត្រក្នុងគោលបំណងអភិវឌ្ឍន៍ខ្លួនឯងពង្រឹងប្រសិទ្ធការដឹកនាំគ្រប់គ្រងដើម្បីលើកំពស់ប្រសិទ្ធភាពនៃការផ្តល់សេវាគុណភាពអប់រំធ្វើការងារក្នុងភាពជាដៃគូនិងសិក្សារៀនសូត្រជាមួយគ្នាគ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋក្នុងខេត្តបានទទួលផលប្រយោជន៍ពីការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័សនេះ។

លោកបញ្ជាក់ថា ប្រសិនមានអវិជ្ជមានណាមួយនឹងរីករាយលាឈប់តួនាទីជាប្រធានមន្ទីរអប់រំនិងយុវជនកីឡានេះ។ជាមួយនឹងការចូលកាន់មុខតំណែងប្រធានមន្ទីរថ្មីនេះ រដ្ឋមន្ត្រីក្រសួងអប់រំ និងឯកឧត្តមអភិបាលខេត្តបានជំរុញឲ្យមន្ត្រីរាជការទាំងអស់នៅក្នុងមន្ទីរអប់រំ ត្រូវមានស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ និងត្រូវបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដើម្បីបុព្វហេតុរួមគឺវិស័យអប់រំនៅកម្ពុជា ប្រកបដោយគុណភាព។

គឺត្រូវតែពឹងផ្អែកការងារអប់រំ ពិសេសការកសាងធនធានមនុស្សដែលត្រូវធានាពង្រឹងប្រកាសដល់គ្រប់អ្នកពាក់ព័ន្ធមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ក្នុងការពង្រឹងគុណភាពប្រកបដោយមនសិការវិជ្ជាជីវៈមានគំនិតច្នៃប្រឌិត គោរពវិន័យ និងសេចក្តីថ្លៃថ្នូដោយមានការទទួលខុសត្រូវខ្ពស់សមដូចពាក្យស្លោកថា (ការអប់រំល្អទើបមានធនធានមនុស្សល្អ មានធនធានមនុស្សល្អទើបអាចអភិវឌ្ឍន៍ប្រទេសជាតិ)។

ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តសំណូមពរដល់លោកគ្រួ អ្នកគ្រូ ជាពិសេសលោកប្រធានមន្ទីរដែលទើបនឹងឡើងថ្មីនេះត្រូវបន្តខិតខំបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនឲ្យបានភ្ជាប់ភ្ជួនស្របតាមមនសិការវិជ្ជាជីវៈដោយខិតខំបង្រៀនក្មួយៗសិស្សានុសិស្សឲ្យអស់ពីសមត្ថភាពដោយផ្ទេរចំណេះដឹងដែលមាននិងឥរិយាបទល្អៗជាគំរូដល់ក្មួយជាយុវជនស្រករក្រោយឲ្យមានសមត្ថភាពទាំងចំណេះដឹង ចំណេះធ្វើ ឥរិយាបទល្អប្រសើរមានសិលធម៌ល្អនិងចេះរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរម្យនាដើម្បីចូលរួមនិងគាំទ្រកំណែទម្រង់វិស័យអប់រំទាំងស្រុងឲ្យរីកចម្រើន៕ យក្ខឡោម