ហុីយ៉ាន់បុកគោដើរឆ្លងថ្នល់ងាប់២ក្បាល រ៉េចង្កូតបុកចូលផ្ទះប្រជាពល រដ្ឋ របួសក្មេងម្នាក់ទៀត

0

ខេត្តពោធិ៍សាត់៖  យ៉ាងហោចណាស់ ក្មេងប្រុសម្នាក់បានរងរបួសធ្ងន់ធ្ងរ និងសត្វគោចំនួន ២ក្បាលផ្សេងទៀតបានងាប់រដូករណែល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងរថយន្តម៉ាកហុីយ៉ាន់ដាយ ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីរសៀល ថ្ងៃសថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦១.១៦២ ស្ថិតក្នុងភូមិវាលវង្ស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នគរបាលស្រុកក្រគរបានឲ្យដឹងថា មុនកើតហេតុមានរថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AS- 7457 បើកបរដោយឈ្មោះ យៀន សុខយឿន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្រែ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បានធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានបុកហ្វូងសត្វគោដែលកំពុងដើរឆ្លងថ្នល់ពីជើងទៅត្បូង រួចរេចង្កូតធ្លាក់ស្រែជ្រុលចូលផ្ទះប្រជាពលរដ្ឋបុកក្មេងប្រុសម្នាក់ទៀតទើបអស់ល្បឿន។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ម៉ន ទុង ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ រីឯកូនប្រុសរងរបួសធ្ងន់ឈ្មោះ ម៉ៅ ម៉េងរ័ត្ន អាយុ ២ឆ្នាំកន្លះ ។ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកសត្វគោងាប់ រួចរេចង្កូតធ្លាក់ស្រែជ្រុលបុកចូលផ្ទះបណ្ដាលឲ្យរងរបួសមនុស្សខាងលើ ក្មេងប្រុសរងរបួសធ្ងន់បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយឡែក៖ វត្ថុតាងរថយន្តជំនាញផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានយកទៅរក្សាទុកជាបណ្ដោះអាសន្ន រងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី ៕