ក្មេងស្រីពីរនាក់ជិះម៉ូតូឌុបគ្នាមកស៊ីការមិនទាន់ដល់ផង ត្រូវរថយន្តបុកស្លាប់ម្នាក់របួសធ្ងន់ម្នាក់

0

ខេត្តកំពង់ធំៈក្មេងស្រីពីរនាក់ជិះម៉ូតូឌុបគ្នាមិនប្រយ័ត្ន ត្រូវរថយន្តបុកបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នៅលើកំណាត់ផ្លូវជាតិលេខ០៦ ភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃអាទិត្យថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១១:៥៥នាទី ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គឺបណ្តាលមកពីរថយន្ត បុកម៉ូតូក្នុងទឹសដៅស្របគ្នា(ពីជើងទៅត្បូង)ខណៈពេលដែល ជនរងគ្រោះជិះម៉ូតូបទឆ្វេងមិនប្រយ័ត្ន  បណ្តាលឲ្យរថយន្តដែលបានបើកពីក្រោយបើក​មកបុកស្លាប់០១នាក់(ស្រី)នៅកន្លែងកើតហេតុ និងរបួសធ្ងន់០១នាក់(ស្រី):ចំណែករថយន្តម៉ាកសាំយ៉ុង  ពណ៌ស ផ្លាកលេខភ្នំពេញ2U-6562 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

ម៉ូតូម៉ាកហុងដាC125  ពណ៌ខ្មៅផ្លាកលេខគ្មានបើកបរដោយឈ្មោះ អ៊ុ.ស្រីឌីន ភេទស្រី អាយុ ២៨ឆ្នាំរស់ នៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្លាប់ដោយមិនបានពាក់មួកសុវត្ថិភាព  អ្នករួមដំណើរជាមួយឈ្មោះ យី.បូឡន់ ភេទស្រី អាយុ ២៤ឆ្នាំ នៅភូមិចំបក់ផ្អែម ឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារ (របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញស្រុកបានចុះវាស់វែងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ រីឯវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង មូលហេតុជាបឋមបង្កដោយអ្នកបើកបរម៉ូតូ បើកបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តមានល្បឿនលឿន៕

ដោយ  ប៊ុន  រដ្ឋា