ជនជាតិចិន បើកបរលឿនពេក រេចង្កូតធ្លាក់ផ្លូវ រងរបួសស្រាល

0

ខេត្តរតនគិរី÷ រថយន្តធុនត្រា មួយគ្រឿងខឹងម្ចាស់បោលលឿនធ្លាក់ផ្លូវផ្ងារជើងទ្រមេឃ ប៉ុន្តែមិនបណ្តាលឲ្យតៃកុងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ហើយមិនបង្កដល់អ្នកដទៃរងគ្រោះថ្នាក់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះ កើតឡើង​នៅ​វេលាម៉ោង៧នឹង១០នាទីព្រឹកថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចកាំពោធវាង ស្ថិតក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី​។

មន្ត្រីនគរបាលឃុំកាឡែង បានឲ្យដឹងថា អ្នកបើកបរឈ្មោះ លី គីងហួរ ភេទប្រុស អាយុ៤៨ឆ្នាំជនជាតិចិន រងរបួសស្រាល មុខរបរ បុគ្គលិកក្រុមហ៊ុនជីសុងរី បើករថយន្តម៉ាកធុនត្រា ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២AP-៣៩១៣ ស្នាក់នៅក្នុងក្រុមហ៊ុនជីសុងរី ស្ថិតនៅភូមិប៉ាតត់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី បើកបរក្នុងទិសដៅពីកើតមកលិច។

មន្ត្រីនគរបាលបន្តថា នៅក្នុងរថយន្តនោះ មានតែតៃកុងម្នាក់ប៉ុណ្ណោះ មិនមានអ្នករួមដំណើរនៅក្នុងរថយន្តនោះទេ។ក្រោយកើតហេតុនគរបាលមូលដ្ឋានបានចុះមកត្រួតពិនិត្យឃើញថា មិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ ហើយម្ចាស់បានជួលរថយន្តស្ទួចមកស្ទួចយកទៅជួសជុលខ្លួនឯង៕ ដោយ: យក្ខឡោម