ស្នងការនគរបាលខេត្តសៀមរាបអះអាងថា កំពុងស្រាវជ្រាវក្នុងរឿងឃាតកម្មថៅកែលក់គ្រឿងបន្លាស់រថយន្ត

0

សៀមរាប៖ លោកឧត្តមសេនីយ៍ត្រីទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទ នៅរសៀលថ្ងៃ២៤នេះថា កម្លាំងសមត្ថកិច្ចកំពុងខិតខំស្រាវជ្រាវលើករណីឃាតកម្ម ដែលជនដៃដល់បាន ប្រើកាំបិតចុងស្រួច ចាក់សម្លាប់លើបុរសជនរងគ្រោះដែលជាថៅកែលក់គ្រឿង បន្លាស់រថយន្ត។
លោកឧត្តមសេនីយ៍ត្រីទិត្យ ណារ៉ុង បានមានប្រសាសន៍យ៉ាងខ្លីថា ពេលនេះសមត្ថកិច្ចកំពុងខិតខំក្នុងកិច្ចការងារនេះ ដើម្បីស្វែងរកជនដៃដល់យកមកផ្តន្ទាទោស។
កាលពីវេលាម៉ោងប្រមាណជា៨ព្រឹកថ្ងៃទី២៤ខែមេសានេះ មានការភ្ញាក់ផ្អើលមួយកើតឡើងនៅចំណុចផ្ទះលក់គ្រឿងបន្លាស់រថយន្តគ្មានយីហោមួយកន្លែង ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បន្ទាប់ពីបុគ្គលិកដែលបម្រើការនៅទីតាំងខាងលើ ប្រទះឃើញថៅកែរបស់ខ្លួនដេកស្លាប់នៅក្នុងថ្លុកឈាម ក្នុងបន្ទប់គេង។
ជនរងគ្រោះមានឈ្មោះ ពិត បារាំង អាយុ៤៥ឆ្នាំ រស់នៅតែម្នាក់ឯងនៅផ្ទះកើតហេតុខាងលើ។
សមត្ថកិច្ចក្នុងហេតុការណ៏បានឲ្យដឹងថា តាមការពិនិត្យកន្លែងកើតហេតុ និងសាកសួរអ្នកជិតខាង ហេតុការណ៍ចាក់សម្លាប់នេះអាចកើតឡើងនៅចន្លោះម៉ោង០៩យប់ ថ្ងៃទី២៣យប់ ខែមេសា។ ជនរងគ្រោះត្រូវឃាតករចាក់១កាំបិត ចុងស្រួចចំបំពង់កស្លាប់តែម្តង។ តែនៅមិនទាន់សន្និដ្ឋានបានថា ឃាតករមានគ្នាប៉ុន្មាន់នាក់នោះឡើយទេ។ ក្នុងពេលពិនិត្យកន្លែងកើតហេតុ ឃើញមានស្នាមគាស់ថតតុ២ទៅបីកន្លែង ដែលទំនងជាគាស់យកទ្រព្យសម្បត្តិ។
ប្រភពបន្តថា អំពើឃាតកម្មខាងលើ ហាក់បីដូចជាមានការរៀបគំរោងទុក ពីព្រោះ មេម៉ូរីកាមេរ៉ាសុវត្ថិភាព)ត្រូវបានជនដៃដល់យកទៅបាត់ដែរ៕