កាំកុងត្រូលខេត្តកំពង់ធំ ចុះពិនិត្យទំនិញខូចគុណភាព ដែលកំពុងតែលក់នៅទីផ្សាកំពង់ឈើទាល

0

កំពង់ធំៈ សាខាកាំកុងត្រូល ខេត្តកំពង់ធំ បានយកចិត្តទុកដាក់ និងមានការព្រួយបារម្ភណ៍ ពីសុខភាពរបស់ ប្រជាពលរដ្ឋ ដែលកំពុងតែប្រើប្រាស់ទំនិញនៅក្នុងទឹកដីខេត្តកំពង់ធំ  ដែលក្រុមអជីវករមួយចំនួន ពុំមាន​ចំណេះដឹងក្នុងការគ្រប់គ្រង់ការទិញលក់ទំនិញ ធ្វើមានការខ្វះចន្លោះនាំយកនូវផលិតផលមួយចំនួនដែល ត្រូវបានហាមឃាត់ និងទំនិញខូចគុណភាព ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៨ លោក លៀង សុភា ប្រធានសាខាកាំកុងត្រូល​ខេត្តកំពង់ធំ​បានដឹកនាំសហការី សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត ចុះពិនិត្យផលិតផលដែលត្រូវបានហាមឃាត់​និងផលិតផលខូចគុណភាព នៅក្នុងផ្សាកំពង់ឈើទាល ស្ថិតនៅក្នុងភូមិឈើទាល ឃុំសំបូរ ស្រុកប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។

លោក លៀង សុភា ប្រធានសាខាកាំកុងត្រូល បានមានប្រសាសន៍ថា ការចុះពិនិត្យទំនិញដែលកំពុងតែ ចរាចរណ៍នៅក្នុងទីផ្សាខេត្តកំពង់ធំ គឺទទួលបានជោគជ័យ បន្ទាប់ពីមានការចុះពិនិត្យជាបន្តបន្ទាប់ ព្រមទាំង បានរឹបអូសទំនិញមួយចំនួនដែលខូចគុណភាព និងបានធ្វើការណែនាំ ដល់ក្រុមអជីវករ ឲ្យចេះរៀបចំទុក​ដាក់ទំនិញដែលគួរទុកបានយូរ ទំនិញណាអាចលក់ឲ្យមានទាន់ពេលវេលា និងទំនិញណាដែលត្រូវរក្សាទុក ឲ្យឆ្ងាយពីសារធាតុពុល  រួមទាំងបានបិទស្ទិកគ័រ ណែនាំមិនឲ្យនាំយកផលិតផល ដែលខូច កំប៉ុងកំប៉ិត កំប៉ុង ច្រេះ ដើម្បីចៀសវាងមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋ និងក្រុមអជីវករដែលលក់នៅក្នុងផ្សារកំពង់ឈើទាល បានអបអរសាទរ និងបានគោរពតាមការ ណែនាំរបស់សមត្ថកិច្ចជំនាញកាំកុងត្រូល និងចូលរួមទប់ស្កាត់ការទិញលក់ ផលិតផលដែលខូចគុណភាព ក្នុងនោះក្រុមអជីវករ បានសម្តែងនូវសេចក្តីរីករាយ ដោយសារតែបានទទួលនូវចំណេះដឹងថ្មី ក្នុងការមើល ផលិតផល និងទំនិញ សម្រាប់ការលក់ដូរ ជាមុខរបររបស់ខ្លួន ។

ដោយ  ប៊ុន  រដ្ឋា