ឯកឧត្តមសោម ស៊ុន បន្តចុះសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជនក្នុងភូមិសាស្រ្តខេត្តកំពង់ធំ៣គ្រួសារ

0

កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  បានបន្ត ដឹកនាំគណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ស្រុក​បារាយណ៍​ ព្រម​ទាំង​អាជ្ញាធរ​ដែនដី​ បាន​ទៅសំណេះ​សំណាល​សាក​សួរ​សុខទុក្ខ​ អតីតយុទ្ធជនចំនួន ៣គ្រួសារនៅទីតាំងផ្សេងៗគ្នា ដើម្បីទទួលយកនូវការសំណូម​ពរ ក៏ដូចជាបញ្ហានានាដែលអតីតយុទ្ធជន មានបំណងចង់បាន ។

ជាក់ស្តែង គ្រួសារ​អតីតយុទ្ឋជន​២គ្រួសារ​ ត្រូវ​បាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ​ ចុះជួបសំណេះ​សំណាលទី១ គឺ​ពលបាលឯក​ ម៉ៅ​ រ៉ាន់ឌី​ អាយុ​ ៤៩​ឆ្នាំ​ ជាជនពិការភ្នែកម្ខាងដោយអំបែងគ្រាប់ក្នុងសមរភូមិ​ស្រុកស្ទោង​ ខេត្ត​កំពង់ធំ​ នៅ​ឆ្នាំ​១៩៩៣ ជាអតីតជា​នគរបាល​អា​៣​ ខេត្ត​កំពង់ធំ​ មាន​កូន​៤នាក់​ក្នុង​បន្ទុក​ ​ បច្ចុប្បន្ន​គាត់​ជាកម្មករសំណង់​  ចំណែកទី២ ជាគ្រួសារ​យោធិន​ពលី​ ឈ្មោះ​ ម៉ៅ​ ម៉ុន​ អតីតយុទ្ឋជន​អង្គភាព​យោធា​ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​ បច្ចុប្បន្នរស់នៅភូមិ​ថ្មី​ឃុំទ្រៀល​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​ ។

ក្នុងឳកាសនៃការចុះសួរសុខទុក្ខនេះ ក្រុមការងារសមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ​បាន​ឧបត្ថម្ភ​ជូន​ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​ចំនួន​៥០​ គីឡូ​ក្រាម​ មីយើង​ចំនួន​ ២កេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ចំនួន​២យួរ​ និង​ថវិកា​១០០,០០០​ រៀល​  ដោយឡែកមួយគ្រួសារទៀត គឺលោកអនុសេនីយ៍ទោ នួន សេងនី អាយុ ៦០ ឆ្នាំ អតីតធ្លាប់ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ ១៩៨៧ នៅអង្គភាពវរសេនាតូចលេខ៥ នៃកងពលវិស្វកម្មលេខ៧៩ និងបានផ្ទេរទៅមន្ទីរសង្គមកិច្ចខេត្ត ជាអតីតយុទ្ធជន នៅឆ្នាំ​២០០៥​ បច្ចុប្បន្នរស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោក នួន សេងនី មានភរិយាឈ្មោះ សៀន សាម៉ើ អាយុ ៦៣ ឆ្នាំ មានកូន ០៤ នាក់ មានគ្រួសារអស់ហើយ ថែមទាំងមានសុខភាពមិនសូវល្អ មិនអាចប្រកបមុខរបរអ្វីបាន ពឹងផ្អែកលើប្រាក់បៀវត្សប្រចាំខែរបស់រាជរដ្ឋាភិបាលផ្តល់ជូនក្នុងមួយខែ ៥៨០,០០០   រៀល ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានឧបត្ថម្ភជូនគាត់នូវ អង្ករ ចំនួន ៥០ គ.ក្រ ,មីយើង ចំនួន ០២ កេស ,ទឹកត្រីទឹកស៊ីអ៉ីវ ចំនួន ០២ យួរ និងថវិកា ១០០,០០០ រៀល ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានមានប្រសាសន៍ថា អតីតយុទ្ធជនគ្រប់រូប បានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ ដើម្បីទប់​ស្កាត់ការវិលត្រឡប់មកវិញនូវរបបខ្មែរក្រហម ក្រោមការដឹកនាំរបស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ ដែល​បាន​ស្រង់​កម្ពុជា​ឲ្យ​រួច​ផុត​ពី​ភ្លើង​សង្គ្រាម​ ហើយឲ្យកម្ពុជាមាន​សន្តិភាព​ពេញ​លេញ​ និង​ការ​អភិវឌ្ឍ​ន៍​ដូច​សព្វ​ថ្ងៃ​នេះ​ដែរ​  ។ ដោយ  ប៊ុន  រដ្ឋា