សមត្ថកិច្ចចុះដេញឡានដឹកអ្នកដំណើរគ្រប់ប្រភេទដែលឈប់ចាប់ម៉ូយតាមចិញ្ចើមថ្នល់ ឲ្យចូលចតក្នុងចំណត តែហាក់កំពុងបង្ហាញពីភាពមិនជោគជ័យ

0

សៀមរាបៈ កម្លាំងនគរបាលសណ្តាប់ធ្នាប់ និងចរាចរណ៏ខេត្ត បានចុះរៀបចំសណ្តាប់ធ្នាប់ ដេញឡានដឹកអ្នកដំណើរគ្រប់ប្រភេទ ដែលឈប់ចាប់ម៉ូយ អនាធិបតេយ្យតាមចិញ្ចើមថ្នល់ ឲ្យចូលចតក្នុងបេន។ប៉ុន្តែត្រូវគេមើលឃើញថា វាមិនអាចទៅរួចនោះ គឺស្មើនិងបរាជ័យទាំងស្រុង ព្រោះបរាជ័យរាប់មិនអស់រួចទៅហើយ។
នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ គេឃើញកម្លាំងនគរបាលទាំងពីរស្ថាប័នខាងលើ ចុះទៅអនុវត្តដេញឡានដឹកអ្នកដំណើរគ្រប់ប្រភេទ ដែលឈប់ចាប់ម៉ូយបែបអនាធិបតេយ្យ តាមចិញ្ចើមថ្នល់ជាតិលេខ៦ ឲ្យចូលចតក្នុងបេន បុរីសៀងណាំ ដើម្បីឲ្យអ្នកធ្វើដំណើរទាំងឡាយ ចូលទៅរកឡានជិះក្នុងបេន ខាងលើ។ ក្នុងប្រតិបត្តិការនេះ គឺអនុវត្តចាប់ពីចំណុចស្តុបកែងផ្លូវ៦០ម៉ែត្រ រហូតដល់មុខសណ្ឋាគារអង្គរអេរ៉ា ក្នុងបំណងបំបាត់ភាពអនាធិបតេយ្យ លើកស្ទួយសោភណ័ភាពក្រុងទេសចរណ៏ ពិសេសបញ្ជៀសគ្រោះថ្នាក់ចរាចរណ៏ផ្សេងៗ។
នាយការិយាល័យនគរបាលចរាចរណ៏ ផ្លូវគោកខេត្តសៀមរាប លោកវរសេនីយ៏ឯកជឹម សុវណ្ណ បានផ្តល់បទសម្ភាសន៏ថា កម្លាំងរបស់លោកនិងកម្លាំងខាងសណ្តាប់ធ្នាក់ នឹងធ្វើឲ្យខាងតែបាន។ ក្រោយពេលបោសសំអាតហើយ នឹងដាក់កម្លាំងជាប្រចាំ រហូតអស់ឡានចាប់ម៉ូយតាមចិញ្ចើមថ្នល់ ហើយចូលទៅចតចាប់ម៉ូយក្នុងបេន។ នៅពេលសួថា ក្រុមអ្នករត់តាក់ស៊ី (ឡានកាមរី) អះអាងថា បើឡានក្រុមហ៊ុនធំៗ(៤៥កីអី)ចូលក្នុងបេន ពួកគេក៏ព្រមចូលតាម លោកនាយការិយាល័យឆ្លើយថា អាហ្នឹង ទាល់តែខាងក្រុមហ៊ុនសហការទើបអាចទៅរួច។ លុះសួរទៀតថា បើក្រុមហ៊ុនឡានក្រុងធំៗ មិនសហការ ហើយនៅតែបន្តឈប់ចាប់ម៉ូយតាមថ្នល់ តើមានវិធានការយ៉ាងណា លោកឆ្លើយថា ចាំបញ្ជាថ្នាក់លើ។
យោងតាមការផ្តល់បទសម្ភាសន៏ របស់លោកនាយការិយាល័យ នគរបាលចរាចរណ៏ ដែលថាអនុវត្តហើយដាក់កម្លាំងជាប្រចាំ ប៉ុន្តែគ្រប់យ៉ាងរងចាំបញ្ជាពីថ្នាក់ខេត្ត ត្រូវបានគេមើលឃើញថា ការអនុវត្តដេញឡានឲ្យចូលបេននេះ វាស្មើនិង អង្រួនមែកឈើបង្អើលអង្ក្រងឲ្យខាំតែប៉ុណ្ណោះ គឺបរាជ័យ។ពីព្រោះករណីខាងលើ មិនមែនទើបលើកទី១នោះទេ ហើយក៏មិនធ្លាប់ទទួលបានជោគជ័យនោះដែរ។
ជុំវិញករណីនេះ មហាជនធ្លាប់លើកឡើងថា ចំណតបេនឡាននៅខេត្តសៀមរាប ក្រោមការគ្រប់គ្រងរបស់ឧកញ៉ាទូច ស៊ា គឺវាតែប៉ុណ្ណឹងទៅហើយ។ សំខាន់កូនចៅក្រោមឪវ៉ាទ ចេះដើរប្រមូលលុយទៅវាជាការស្រេចទៅហើយ។ រឿងចូលបេនឬអត់មិនសំខាន់នោះទេ។ តែទោះនៅឈប់ចាប់ម៉ូយទីណាក៏ត្រូវតែបង់លុយសម្រាប់បេន។
សូមបញ្ជាក់ថា ក្នុងអាណត្តិលោកឃឹម ប៊ុនស៊ុង គ្រងតំណែងជាអភិបាលខេត្តសៀមរាបនេះ គេសង្កេតឃើញចំណតឡានតាក់ស៊ី គឺមានចាប់ពីចំណុចមុខភោជនីយដ្ឋាន អាប៉ូឡូប្លាស្សា ភូមិកណ្តែក ឃុំកណ្តែកស្រុកប្រាសាទបាគង រហូតដល់មុខផ្សារលើធំថ្មី និងធ្លាយទៅដល់មាត់ស្ទឹងគល់ស្ពានថ្មព្រះរាជដំណាក់ទៀតផង តែហាក់មិនទើសភ្នែកថ្នាក់ដឹកនាំនេះទេ។ ផ្ទុយទៅវិញ ឆ្មាំ ឆ្វេងស្តាំ របស់ឧកញ៉ាទូច ស៊ា ដែលជាម្ចាស់បេនឡានខេត្តសៀមរាប មិនបណ្តោយឲ្យក្បាល់ឡានមួយណាដឹកម៉ូយចេញដោយមិនបង់លុយថ្លៃបេននោះដែរ។
ក្រុមសមត្ថកិច្ចដែលផ្តើមចុះអនុវត្ត ដេញឡានឲ្យចូលចំណត លើកចុងក្រោយនេះ ម្នាក់ៗរំពឹងថា លោកអភិបាលខេត្ត នឹង ចាត់វិធានការចំពោះឡានដែលល្មើស មិនព្រមចូលចតក្នុងចំណត ចាប់ពីពេលចុះអនុវត្តនេះតទៅ៕