ប្ដូរមុខងារ និងបំពាក់ឋានន្តរស័ក្កិ ជូនចំពោះនាយទាហាន នាយទាហានរង ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨!

0

(ព្រះវិហារ): នាយទាហាន នាយទាហានរងចំនួន៧៧រូប នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ត្រូវបានបំពាក់ឋានន្តរស័ក្តិ និងផ្លាស់ប្ដូរមុខងារជូន ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាប្រចាំខែ ដែលគិតចាប់ពីថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ និងដាក់ចេញទិសដៅអនុវត្តន៍បន្ត ខែឧសភា ឆ្នាំ២០១៨ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨។

បន្ទាប់ពីរបាយការណ៍បូកសរុប រយះពេលពេញមួយខែ ដែលលើកឡើងដោយលោកវរសេនីយ៍ត្រី ឃឹម ប៉ាល់សុភា នាយរងការិយាល័យទី៣ បានបញ្ចប់ លោកវរសេនីយ៍ឯក សួស ភា នាយការិយាល័យទី១ បានអានសេចក្តីសម្រេចប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារ និងតំឡើងឋានន្តរស័ក្តិ ជូននាយទាហាន នាយទាហានរង តាមសេចក្តីសម្រេចរបស់អគ្គបញ្ជាការលេខ ៤៥៦/តតផប/២០១៧ / និងលេខ៤៥៧/ដថស/២០១៧ ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ត្រូវបានតំឡើងឋានន្តរស័ក្តិ និងផ្លាស់ប្តូរមុខងារជូននាយទាហាន នាយទាហានរង ចំណុះអគ្គបញ្ជាការដ្ឋានចំនួន៧៧រូប។ ក្នុងនោះថ្នាក់វរសេនីយ៍ត្រី០២រូប ថ្នាក់អនុសេនីយ៍ទោ០៨រូប ថ្នាក់អនុសេនីយ៍ត្រី០៧រូប ថ្នាក់នាយចំណង់ចំនួន៣៦រូប និងផ្លាស់ប្តូរមុខងារចំនួន២៤រូបផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៑ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានធ្វើការវាយតំលៃ និងផ្លែងការកោតសរសើរខ្ពស់ចំពោះ ការយកចិត្តទុក្ខខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចរបស់កងយោធិពលខេរភូមិន្ទ រយះពេលកន្លងមកបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានិងការកោតសរសើរនោះដែរ ឯកឧត្តមមេបញ្ជាការ បានស្នើរអោយកងកម្លាំងទាំងអស់នៅតាមបណ្តាវរសេនាតូចទាំង៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ ត្រូវខិតខំបន្តការងារហ្វឹកហ្វឺន ការងារបង្ករបង្កើនផល និងការថែរក្សាការពារអាវុធយុទ្ធភណ្ឌគ្រប់ប្រភេទអោយបានល្អប្រសើរ។

បន្តរឹតចំណងមិត្តភាព សាមគ្គីភាពផ្ទៃក្នុងអោយបានរឹងមាំ ពិសេសកិច្ចសហប្រតិបត្តិការល្អបន្តទៀត ជាមួយកងកម្លាំងប្រទេសជាប់ព្រំដែន ក្នុងភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវ ដើម្បីកា្តប់បាន នូវរាល់សភាពការណ៍ដែលកើតមានឡើង ជាយថាហេតុ ជៀសវាងការប្រឈមមុខ ដាក់គ្នាដោយកម្លាំងប្រដាប់អាវុធ។

លើសពីនោះ ឯកឧត្តមមេបញ្ជាការក៍បានធ្វើការផ្តាំផ្ញើ ទៅដល់បងប្អូនដែលទទួលបានមុខងារថ្មី និងឋានន្តរស័ក្កិទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តបន្តគ្រប់ភារកិច្ច ដែលថ្នាក់លើបានដាក់ចុះ ដើម្បីបង្កើនសមត្ថភាពយល់ដឹងក្នុងការបំពេញភារកិច្ចជាយោធិន នៃកងយោធពលខេមរភូមិន្ទ និងគោរពប្រតិបត្ត នូវវិន័យបទបញ្ជាផ្ទៃក្នុង ក៏ដូចជាបទបញ្ជាពីមេបញ្ជាការអោយបានល្អ ព្រោះថាទៅថ្ងៃអនាគតប្អូនៗក៍និងក្លាយទៅជាមេដឹកនាំដែលល្អត្រឹមត្រូវ ពោពេញទៅដោយចំណេះដឹង និងមានសមត្ថភាពផងដែរ៕សួនលីណា