ភ្លៀងលាយឡំនឹងខ្យល់កន្រ្តាក់ វាយបំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នង

0

ខេត្តរតនគិរី÷ ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្រ្តាក់ បានបោកបក់ វាយបំផ្លាញ​ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៤ខ្នង នៅចំណុចភូមិ២វិឡាកាត់ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី កាលពីវេលាម៉ោង៦នឹង១៥នាទីល្ងាចថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថៃ្ងទី២៥ ខែមេសា ឆ្នាំ២០១៨។

លោក សួន សាវុធ មេប៉ុស្តិ៍សង្កាត់កាចាញបានឲ្យដឹងថា ផ្ទះទាំង៤ខ្នង ដែលខ្យល់កន្ត្រាក់ឲ្យ​ដួលរលំនោះ ទី១ ឈ្មោះ ឈួន ដា ភេទប្រុស អាយុ៤៥ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើចម្ការ សង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តាមួយចំហៀង នឹងជញ្ជាំងផ្ទំា១ចំហៀង មានទំហំ ៦×៤ម៉ែត្រ។ ទី២ ឈ្មោះ ម៉ុន ថា ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចម្ការ ផ្ទះធ្លាក់ពីលើជើងតាង។ ទី៣ ឈ្មោះ ឯល ចក់ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចម្ការ ផ្ទះទំហំ ៤×៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងផ្ទាំ ដួលរលំដល់ដី។ ទី៤ ឈ្មោះ ឈុំ នេត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចម្ការ ផ្ទះទំហំ ៤×៥ម៉ែត្រ ជញ្ជាំងផ្ទាំ ប្រក់ស័ង្កសី ធ្វើអំពីឈើដួលដល់ដី ។នៅហេតុការណ៍គ្រោះធម្មជាតិខាងលើនេះ មិនមានប្រជាពលរដ្ឋណាម្នាក់រងរបួសនឹងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕ យក្ខឡោម