ក្រុមហ៊ុន​ប្រមូល​សំរាម​ទាំង​២​នៅ​ផ្សារ​បាន​លុង​មិន​ចុះសម្រុង​និង​គ្នា​បណ្តាល​ឲ្យ​សំរាម​គរ​ដូច​ភ្នំ​

0

​ខេត្តរតនគិរី៖ អាជីវករ ១​រូប ដែល​បានធ្វើ​អាជីវកម្ម​នៅ​ផ្សារ​បាន​លុង អស់​រយៈពេល ៦​ឆ្នាំ​មកហើយ បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹងថា បញ្ហា​សម្រាម​នៅ​ផ្សារ​បាន​លុង​នេះ មិនមែនជា​រឿង​ទើប​កើតឡើង​ថ្មីៗ​នោះទេ គឺ​កើតមាន​បញ្ហា​តាំងពី​ឆ្នាំ​២០១៤ មកម្ល៉េះ ដោយសារ​ភាគី​ខាង​ក្រុមហ៊ុន​ប្រមូល​សម្រាម មានទំនាស់​ផ្ទៃក្នុង​ជាមួយ​ភាគី​ខាង​ម្ចាស់​ផ្សារ ទើប​រៀងរាល់​បុណ្យជាតិ​សំខាន់​ម្តងៗ បណ្តែតបណ្តោយ​ឲ្យ​មាន​គំនរ​សម្រាម​យ៉ាងច្រើន ។​​អាជីវករ​រូបនេះ​បន្តថា ដូច្នេះ​ក្នុងនាម​លោក​ជា​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​បាន​លុង​នេះ ដែល​បាន​បង់ថ្លៃ​ភាស៊ី​ជូន​ផ្សារ​ជាប្រចាំ សូម​សំណូមពរ​ដល់​អាជ្ញាធរខេត្ត ក្រុង និង​ស្ថាប័ន​ពាក់ព័ន្ធ សូមមេត្តា​មាន​វិធានការ​ផ្លូវច្បាប់ ឬក៏​ដំណោះស្រាយ​ណាមួយ ដើម្បី​ជួយ​ព​ន្លឿ​ន​ដល់​ក្រុមហ៊ុន​ពាក់ព័ន្ធ ឲ្យ​ជួយ​មក​យកស​ម្រាម​ដែល​ស្អុយរលួយ​ទាំងនេះ​ចេញពី​ទីតាំង​មុខ​ផ្សារ​ឲ្យ​បាន​ឆាប់រហ័ស​ផង ព្រោះ​អី​សព្វថ្ងៃនេះ ពួកគាត់​ស្ទើរតែ​ទ្រាំទ្រ​ពុំបាន​នូវ​ក្លិន​ដ៏​ស្អុយគគ្រុក​ពី​គំនរ​សម្រាម ជាពិសេស​នៅពេល​មេឃ​ធ្លាក់ភ្លៀង​ម្តងៗ ក្លិនស្អុយ​ចេញពី​សម្រាម​ទាំងនេះ វា​បាន​ជះឥទ្ធិពល និង​សោ​ភ័​ណ្ឌ​ភាពមិន​ល្អ​ដល់​សង្គម ក៏ដូចជា​ប៉ះពាល់​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ជាពិសេស​ទៀត​នោះ គឺ​ប៉ះពាល់​ដល់​សុខភាព​របស់​បងប្អូន​អាជីវករ​ដែល​ប្រកប​របរ​លក់ដូរ ជាប្រចាំ​នៅទីនេះ ។​

​ទាក់ទិន​ទៅនឹង​បញ្ហា​សម្រាម​នេះដែរ លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី បានផ្តល់​បទសម្ភាសន៍​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី​២៦ ខែមេសា​នេះ ថា បញ្ហា​សម្រាម​នេះ ពិតជា​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន សោ​ភ័​ណ្ឌ​ភាព​និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ ដូច្នេះ​ទើប​កាលពី​ថ្ងៃទី​១៨ ខែមេសា​ថ្មីៗ​នេះ បន្ទាប់ពី​បញ្ចប់​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ មន្ទីរ​បរិស្ថាន​ខេត្ត បាន​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​បាន​លុង ដឹក​សម្រាម​ចេញពី​ផ្សារ​បាន​លុង ១​លើក​រួចមកហើយ ដែលមាន​សម្រាម ដឹក​ចេញ ១៧ ឡាន ។​

​ចំណែក​លោក ញ៉ែម សំអឿន អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​ខេត្តរតនគិរី នឹង​អញ្ជើញ​ភាគី​ពាក់ព័ន្ធ ប្រជុំ​ដោះស្រាយ​បញ្ហា​សម្រាម រវាង​ក្រុមហ៊ុន​ដឹក​សម្រាម លោក​ជា គួ​ង និង​ក្រុមហ៊ុន ហេង តារា ម្ចាស់​អាជីវកម្ម​ផ្សារ​បាន​លុង ដែលមាន​ទំនាស់​និង​គ្នា​ជា​យូ​មកហើយ​នោះ ឲ្យ​បាន​ឆាប់​ក្នុងពេល​ខាងមុខនេះ ៕ យក្ខឡោម